Mercedes-AMG បង្អួតរាង GT 73 អាចមានកម្លាំងច្រើនជាង ៨០០សេះ

បន្ទាប់ពីការតាមប្រមាញ់រូបថតនៃរថយន្ត Mercedes-AMG GT 73 ជាច្រើនលើកច្រើនសាររួចមក ឥឡូវនេះក្រុមហ៊ុន Mercedes បានបញ្ចេញរូបថតប៉ុន្មានសន្លឹកយ៉ាងស្ងៀមស្ងាត់ដោយខ្លួនឯងតែម្តង។

ថ្វីបើមើលមួយភ្លែត រថយន្ត Mercedes-AMG GT 73 មិនជាខុសគ្នាប៉ុន្មានពីម៉ូដែល GT 63 ដែលកំពុងមានលក់នៅលើទីផ្សារ ប៉ុន្តែច្បាស់ណាស់គឺវាមានចំណុចខុសគ្នាច្រើន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺ GT 73 ប្រើប្រាស់យ៉ាន់ Alloy ទម្ងន់ស្រាលថ្មី ព្រមទាំងមានតែម “V8 Biturbo E Performance” ជំនួសឲ្យ “V8 Biturbo 4Matic+” ដែលមានលើ GT 63 ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែល ក្រុមហ៊ុន Mercedes មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តនេះ ប៉ុន្តែគេបានរំពឹងទុករួចទៅហើយថា វានឹងដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង twin-turbo ចំណុះ ៤,០លីត្រ V8 ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយអគ្គិសនីទម្ងន់ស្រាលមួយ ផងដែរ។

បើផ្អែកតាមរថយន្តគំរូ Mercedes-AMG GT ចេញកាលឆ្នាំ២០១៧ ម៉ូដែលនេះអាចមានកម្លាំងសរុបរហូតដល់ទៅ ៨០៥សេះឯណោះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម