
ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយរបស់ Mercedes-AMG ដោយសារក្រុមហ៊ុនផលិតរថយន្ដរបស់អាឡឺម៉ង់មួយនេះ បានសម្រេចចិត្តបញ្ឈប់ការផលិតម៉ាស៊ីនចំណុះ ២.០ ទំហំ ៤ស៊ីឡាំង PHEV នៅលើម៉ូឌែល C63 ហើយងាកមកប្រើម៉ាស៊ីនទំហំ ៦ ស៊ីឡាំងវិញ ហើយដាក់ឈ្មោះម៉ូឌែលថ្មីគឺ C53 ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ចូលចិត្តម៉ាស៊ីនដែលមានកម្លាំងខ្លាំង ហើយមានសំឡេងពិរោះ និងដើម្បីគោរពបទបញ្ញត្តិបំភាយឧស្ម័នថ្មី Euro 7 របស់អុឺរ៉ុប។
បើយោងតាមការបញ្ជាក់របស់លោក Michael Schiebe នាយកប្រតិបត្តិ Mercedes-AMG បានបញ្ជាក់សារព័ត៌មាន Edmunds៖«រថយន្តម៉ូឌែល C63 ប្រភេទ PHEV ប្រើម៉ាស៊ីនចំណុះ ២.០ ទំហំ ៤ ស៊ីឡាំង នឹងត្រូវប្ដូរមកប្រើម៉ាស៊ីនចំណុះ ៣.០ Turbocharged ទំហំ ៦ស៊ីឡាំង Mild-hybrid យកពីរថយន្ដម៉ូឌែល CLE53។ សម្រាប់ម៉ាស៊ីនចំណុះ ៣.០ លីត្រ Turbocharged Mild-hybrid ទំហំ៦ ស៊ីឡាំង បានបំពាក់ក្នុងរថយន្ត Mercedes-AMG CLE53 បង្កើតកម្លាំងបាន 330kW និងកម្លាំងរមួល 560Nm អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលត្រឹមតែ ៤.០ វិនាទី សម្រាប់ប្រភេទឡាន Coupe ទ្វារពីរ។
បើប្រៀបធៀបទៅ រថយន្ត Mercedes-AMG C63 S E-Performance ប្រើប្រាស់ម៉ាស៊ីនចំណុះ ២.០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង រួមផ្សំជាមួយម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយ មានកម្លាំងសរុបរហូតដល់ 500kW និងកម្លាំងរមួល 1020Nm ដោយប្រើពេលស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៣.៤ វិនាទី។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្ដូរម៉ាសុីននេះនឹងធ្វើឲ្យរថយន្ដស្រាលជាងមុន អាចផ្តល់នូវបទពិសោធន៍បើកបររស់រវើកជាងមុន ទោះបីកម្លាំងសេះតិចជាងមុនក៏ដោយ ប៉ុន្តែវាអ្វីដែលអតិថិជនចង់បាន ជាពិសេសបានគោរពតាម បទបញ្ញត្តិបំភាយឧស្ម័នថ្មី Euro 7 របស់អុឺរ៉ុប។ សម្រាប់រថយន្តម៉ូឌែលថ្មី C53 ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាសកលនៅចន្លោះខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២៦។
បន្ថែមពីនេះលោក Michael Schiebe នាយកប្រតិបត្តិ Mercedes-AMG បានបន្ថែមថា៖ «ស្ថិតនៅក្រោមបទបញ្ញត្តិបំភាយឧស្ម័ន Euro 7 វាពិតជាពិបាកខ្លាំងណាស់ក្នុងការបន្តប្រើប្រាស់ ម៉ាស៊ីនទំហំ ៤ ស៊ីឡាំងនេះ ទៅថ្ងៃអនាគត។ នោះហើយជាមូលហេតុដែលយើងនឹងបញ្ឈប់ការផ្តល់ជូនម៉ាស៊ីនកូដ M139 ហើយនៅក្នុងផ្នែករថយន្តខ្នាតមធ្យម យើងនឹងជំនួសវាដោយម៉ាស៊ីនទំហំ ៦ ស៊ីឡាំងវិញ»។
មែនទែនទៅបទបញ្ញត្តិ Euro 7 បានយកលក្ខខណ្ឌនៃការធ្វើតេស្ត និងកម្រិតកំណត់ការបំភាយឧស្ម័នពីបំពង់ស៊ីមាំងពី Euro 6 មកអនុវត្តបន្តដដែល។ ប៉ុន្តែការផ្លាស់ប្តូរសំខាន់ៗ គឺទាក់ទងទៅនឹងការកំណត់កម្រិតបំភាយភាគល្អិតចេញពីហ្វ្រាំងសម្រាប់រថយន្តតូច និងរថយន្តវ៉ែន តម្រូវការប្រសិទ្ធភាពអប្បបរមាសម្រាប់ភាពធន់នៃអាគុយនៅក្នុងរថយន្តអគ្គិសនី និង Hybrid ព្រមទាំងស្តង់ដារថ្មីសម្រាប់ការសឹកសំបកកង់ ជាហេតុធ្វើឲ្យរថយន្ដ Mercedes-AMG C63 ប្រើម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំងមិនតាមច្បាប់ស្ដង់ដារថ្មីនេះ។
បើយោងរបាយការណ៍មួយនៅចុងឆ្នាំ ២០២៥ បានអះអាងថា ប្រព័ន្ធចលកររបស់ម៉ូឌែល C63 នឹងត្រូវលុបចោល ដោយសារតែបទបញ្ញត្តិថ្មីស្តីពីកម្រិតសំឡេងនៅក្នុងតំបន់អឺរ៉ុប។ ស្របពេលម៉ូឌែល C63 កំពុងឈានទៅការបញ្ចប់ជីវិត ម៉ូឌែល GLC63 ក៏ទំនងជានឹងដើរតាមផ្លូវតែមួយនេះ ដោយនឹងមានវត្តមានម៉ូឌែល GLC53 ស៊េរីថ្មីមកជំនួសតំណែងវិញ៕





















