[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនកាលពីឆ្នាំមុន Mercedes-AMG E63 S Final Edition ដែលជាកំណែចុងក្រោយនៃ E-Class ជំនាន់បច្ចុប្បន្ន ជាមួយនឹងការផលិតមានកំណត់ចំនួន ៩៩៩ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនផលិតរថយន្តបានប្រកាសការបែងចែកសម្រាប់ប្រទេសជប៉ុនដែលទទួលបានត្រឹមតែ ៥០ គ្រឿងនៃ Final Edition ។
សម្រាប់ម៉ូដែលពិសេសទាំង ៥០ គ្រឿងនៃ E63 S Final Edition នឹងត្រូវបានបែងចែកស្មើៗគ្នាទៅជា ២៥ គ្រឿងជាម៉ូដែលចង្កូតដៃខាងឆ្វេង និង ២៥ គ្រឿងទៀតជាចង្កូតខាងស្តាំដៃ។
E63 S Final Edition មានផ្តាច់មុខជាមួយនឹងផ្នែកខាងក្រៅនៃក្រាហ្វិចពណ៌ប្រផេះ Magno រួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វិកបែបស្ព័រ និងឡូហ្គោ AMG ពិសេសនៅលើទីតាំង C-pillar ។ វាក៏ភ្ជាប់មកជាស្តង់ដារជាមួយនឹងកញ្ចប់ AMG Night Package ដែលបន្ថែមការតុបតែងពណ៌ខ្មៅរលោង ថាសកង់ស្ព័រ AMG ទំហំ ២០ អ៊ីញ។ ខណៈនៅផ្នែកខាងក្នុងបានតុបតែងជាមួយ Carbon fiber និងស្បែកប្រភេទ Nappa ដែលមាននៅលើកៅអី AMG Performance Seats និងឡូហ្គោផងដែរ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Mercedes-AMG E63 S Final Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦០៣ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនដោយសារ 4Matic+។
Mercedes-AMG E63 S Final Edition មានតម្លៃលក់ចាប់ពី ១៨៣ ៩៥៥ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន។ Mercedes បានបើកទទួលយកការបញ្ជាទិញជាមុនសម្រាប់ម៉ូដែលពិសេសនៃ E63 ហើយការចែកចាយកំពុងចាប់ផ្តើមពីពេលនេះតទៅ៕