
រថយន្ត Mercedes-AMG G63 Offroad Pro ស៊េរីឆ្នាំ២០២៦ ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសអូស្រ្ដាលី ជាមួយតម្លៃចាប់ពី ៣៨៣ ៩០០ដុល្លារ ថ្លៃជាងរថយន្ត AMG G63 ម៉ូឌែលស្តង់ដារដល់ទៅ ១៥ ៥០០ដុល្លារ។
Mercedes-AMG G63 Offroad Pro 2026 រចនាជាពិសេស សម្រាប់ការបើកបរបែប Off-Road និងការប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់ម៉ូឌែលថ្មីនេះទទួលបានការអាប់ដេតបន្ថែមជាច្រើនដូចជា៖ការបំពាក់មកជាមួយប្រពន្ធ AMG Traction Pro ដែលគ្រប់គ្រងការបែងចែកកម្លាំងបង្វិល ទៅកង់នីមួយៗតាមរយៈកម្រិតដែលអាចលៃតម្រូវបានចំនួនប្រាំពីររបៀប ដើម្បីបង្កើនកម្លាំងអូសទាញក្នុងលក្ខខណ្ឌផ្លូវរអិល។
ម៉ូឌែល G-Wagen ពិសេសនេះ ក៏មានបំពាក់ជាមួយប្រព័ន្ធ AMG Active Ride Control លក្ខណៈផ្តាច់មុខផងដែរ ដើម្បីបង្កើនកម្រិតបត់បែនរបស់កង់ និងប្រព័ន្ធបូម សម្រាប់ការបើកបរបែប Off-Road។
សម្រាប់ប្រព័ន្ធ Active Ride Control រួមបញ្ចូលទាំងកញ្ចប់ទប់លំនឹងសកម្ម (active stabilisation package) ជាមួយនឹងការកំណត់ឧបករណ៍ទប់រំញ័រ (damper settings) សម្រាប់បើកបរពិបាក ដែលត្រូវបានកែសម្រួលជាពិសេស ដោយសម្រេចបានតាមរយៈពីស្តុងទប់រំញ័រដែលមានអង្កត់ផ្ចិតកាន់តែធំ និងបំពង់ផ្ទុកសម្ពាធកាន់តែធំ។
បន្ថែមពីនេះវាក៏មានប្រព័ន្ធ AMG Active Balance Control ដែលផ្ដល់ជម្រើសកំណត់ការទប់រឹង ការយោលឬឃ្លោងរបស់តួរថយន្តចំនួនបីកម្រិត ដើម្បីបង្កើនលំនឹងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវដូចជាផ្លូវដី, ក្រួស, ថ្ម និងផ្លូវលំបាកផ្សេងទៀត។
ម៉ូឌែល Offroad Pro នេះភ្ជាប់មកជាមួយសំបកកង់សម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ (all-terrain tyres) ជំនួសឲ្យសំបកកង់ធម្មតា លេងបន្ថែមជាមួយថាសកង់អាលុយមីញ៉ូមទំហំ 20អុីញពណ៌ខ្មៅរលោង។ សម្រាប់រថយន្ដម៉ូឌែលក៏មានបំពាក់ជាកាបាំងភក់នៅផ្នែកខាងក្រោយ និងកម្រាលកៅស៊ូនៅក្នុងកាប៊ីន និងកន្លែងផ្ទុកឥវ៉ាន់។
សម្រាប់ម៉ូឌែល Offroad Pro ក៏មានសមត្ថភាពផ្ទុកទំនិញកាន់តែច្រើនផងដែរ ដោយសារតែមាន កាងសម្រាប់ដាក់ឥវ៉ាន់លើដំបូលស្តង់ដារដែលអាច ដើរពីលើបាន និងជណ្ដើរឡើងខាងក្រោយ។
ចំពោះកាប៊ីនខាងក្នុងក៏ត្រូវបានបំពាក់ដោយ ចង្កូត AMG Performance ស្រោបដោយស្បែក Nappa, ឧបករណ៍បំពងសំឡេង Burmester, កន្លែងសាកទូរស័ព្ទឥតខ្សែនិងប្រអប់ដាក់កែវដែលអាចគ្រប់គ្រងសីតុណ្ហភាពផងដែរ។
រថយន្ត G63 Offroad Pro ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 4.0 លីត្រ twin-turbocharged ទំហំ8សុីសាំង ផ្គូផ្គងជាមួយប្រអប់លេខអូតូ 9វគ្គដូចទៅនឹងម៉ូដែលស្តង់ដារដែរ៕