Mercedes-AMG GLE53 ឆ្នាំ ២០២០ SUV ប្រើម៉ាស៊ីន V6 កម្លាំង ៤៥០ សេះ

Mercedes-AMG ទើប​តែ​បានបញ្ចេញម៉ូដែល GLE53 ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ដោយ​វា​ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ជាមួយ​ប្រព័ន្ធ Mild-Hybrid ស្រដៀង​នឹង​ម៉ូដែល E-Class, CLS និង GT 4-Door Coupe ដែរ។

ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​របស់ GLE53 អាច​បង្កើត​កម្លាំង​បាន ៤២៩ សេះ ជាមួយ​ថាមពល​អគ្គិសនី ៤៨ វ៉ុល EQ Boost ចំនួន ២១ សេះ​ទៀត សរុប ៤៥០ សេះ។

ពាណិជ្ជកម្ម

SUV កម្លាំង​ខ្លាំង​នេះ ​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD និង​ប្រអប់លេខ​អូតូ ៩ វគ្គ ដែល​អាច​ឲ្យ​វា​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥,២ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Mercedes-AMG បាន​ធ្វើ​កំណែ​ប្រអប់លេខ, ប្រព័ន្ធ​​ប៉ុង ២ AWD និង ប្រព័ន្ធ​ជើង​ក្រោម សម្រាប់​ម៉ូដែល GLE53 នេះ​ឲ្យ​កាន់តែ​ប្រសើរ​ផង​ដែរ។ អ្នក​បើកបរ​អាច​ជ្រើសរើស​ប្រភេទ​បើកបរ រហូត​ដល់​ទៅ ៧ ខុសៗ​គ្នា ដូចជា Slippery, Comfort, Sport, Sport+, Individual, Trail និង Sand។

ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង GLE53 ទទួល​បាន​ការ​រចនា​កាន់​តែ​កាច ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ជាមួយ​នឹង​គ្រឿង​គ្រូវ AMG។ វាក៏​បាន​បំពាក់​ប្រព័ន្ធ Infotainment System “MBUX” ស៊េរី​ចុង​ក្រោយ​បង្អស់​ផង​ដែរ៕

Sponsored