Mercedes-AMG ទើបតែបានបញ្ចេញម៉ូដែល GLE53 ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយវាប្រើម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ជាមួយប្រព័ន្ធ Mild-Hybrid ស្រដៀងនឹងម៉ូដែល E-Class, CLS និង GT 4-Door Coupe ដែរ។
ម៉ាស៊ីនចំហេះខាងក្នុងរបស់ GLE53 អាចបង្កើតកម្លាំងបាន ៤២៩ សេះ ជាមួយថាមពលអគ្គិសនី ៤៨ វ៉ុល EQ Boost ចំនួន ២១ សេះទៀត សរុប ៤៥០ សេះ។
SUV កម្លាំងខ្លាំងនេះ ប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ AWD និងប្រអប់លេខអូតូ ៩ វគ្គ ដែលអាចឲ្យវាស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
Mercedes-AMG បានធ្វើកំណែប្រអប់លេខ, ប្រព័ន្ធប៉ុង ២ AWD និង ប្រព័ន្ធជើងក្រោម សម្រាប់ម៉ូដែល GLE53 នេះឲ្យកាន់តែប្រសើរផងដែរ។ អ្នកបើកបរអាចជ្រើសរើសប្រភេទបើកបរ រហូតដល់ទៅ ៧ ខុសៗគ្នា ដូចជា Slippery, Comfort, Sport, Sport+, Individual, Trail និង Sand។
ក្រៅពីមានកម្លាំងខ្លាំង GLE53 ទទួលបានការរចនាកាន់តែកាច ស្រស់ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងគ្រឿងគ្រូវ AMG។ វាក៏បានបំពាក់ប្រព័ន្ធ Infotainment System “MBUX” ស៊េរីចុងក្រោយបង្អស់ផងដែរ៕