ក្រុមហ៊ុន Mercedes-Benz បានបន្តពង្រីកត្រកូលរថយន្ត C-Class របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មីមួយទៀតហៅថា C-Class All-Terrain ដែលដើរតាមម៉ូដែល E-Class All-Terrain។
រថយន្ត Mercedes-Benz C-Class All-Terrain ឆ្នាំ២០២២ នេះ ទទួលបានការអាប់ដេតជាច្រើន ដូចជា មានកម្ពស់បាតក្រោមខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រ, បំពាក់ប៉ាណាមុខថ្មី, បន្ទះការពារបាតខាងមុខ និងខាងក្រោយ ព្រមទាំងរបាំងភក់ទៀតផង។ ការប្រើប្រាស់កាងថ្មីធ្វើឲ្យ C-Class All-Terrain មានទំហំធំជាងម៉ូដែល C-Class Estate ពោលគឺវែងជាងមុន ៤មីល្លីម៉ែត្រ និងធំជាងមុន ២១មីល្លីម៉ែត្រ។
មិនតែប៉ុណ្ណោះ Mercedes-Benz ក៏បានបំពាក់យ៉ាន់កង់ធំជាងមុនឲ្យវាដែរ ពោលគឺអាប់ដេតពីទំហំ ១៧ ទៅ ១៩អ៊ីញវិញ។ អ្វីដែលរឹតតែពិសេសនោះគឺ វាក៏ទទួលបានការអាប់ដេតលើប្រព័ន្ធបូម ហើយផ្តល់មុខងារបើកបរថ្មីពីរ គឺ Offroad និង Offroad+ ទៀតផង។
រថយន្ត C-Class All-Terrain មានជម្រើសម៉ាស៊ីនចំនួនពីរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។ វាមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ១ ៨០០គីឡូក្រាម។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz នឹងដាក់បង្ហាញរថយន្ត C-Class All-Terrain ជាផ្លូវការ នៅក្នុងកម្មវិធី International Motor Show ក្នុងទីក្រុង Munich នាខែក្រោយ៕