Mercedes-Benz គ្រោង​នឹង​មាន​ឡានអាច​បើកបរ​ស្វ័យ​ប្រវត្តិ​ “កម្រិត៣” ​ក្នុងឆ្នាំនេះ

ក្នុងការប្រណាំងប្រជែងដើម្បីឈានទៅដល់កម្រិតស្វ័យភាពកម្រិត ៣ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Mercedes-Benz សង្ឃឹមថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ជាមួយនឹងប្រព័ន្ធ Drive Pilot របស់ពួកគេ។

បើយោងតាមលោក Ola Kallenius ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន Mercedes-Benz បានឲ្យដឹងថា បន្ទាប់ពីទទួលបានការយល់ព្រមសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែធ្នូ ឆ្នាំ ២០២១ ឥឡូវនេះក្រុមហ៊ុនសង្ឃឹមថានឹងអាចដំណើរការវានៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំ ២០២២ នេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឲ្យដឹងសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ ប្រព័ន្ធបើកស្វ័យប្រវត្តិ Society of Automotive Engineers (SAE) ដោយវាមានរហូតដល់ទៅ ៦ កម្រិតនៃស្វ័យភាពយានយន្តពី កម្រិត០ ដល់ កម្រិត៥ ដោយ កម្រិត០ គឺជាយានជំនិះដែលគ្រប់គ្រងទាំងស្រុងដោយអ្នកបើកបរ និង កម្រិត៥ គឺគ្រប់គ្រងទាំងស្រុងដោយយានយន្តខ្លួនឯង។

សូមបញ្ជាក់ថា យានជំនិះកម្រិតទី៣ ដូចជារថយន្តដែលបំពាក់ដោយប្រព័ន្ធ Drive Pilot របស់ Mercedes នឹងអនុញ្ញាតឲ្យអ្នកបើកបរប្រគល់ការគ្រប់គ្រងលើយានជំនិះ ប៉ុន្តែនឹងតម្រូវឲ្យពួកគេធ្វើសកម្មភាពនៅពេលដែលចាត់ទុកថាចាំបាច់។

កម្រិតទី៣ នេះដែរ ក៏សម្គាល់ការផ្លាស់ប្តូរយ៉ាងច្បាស់ពីជំនួយអ្នកបើកបរសាមញ្ញ ទៅជាប្រព័ន្ធបើកបរស្វ័យភាពពិតប្រាកដ ហើយដូច្នេះ Mercedes និយាយថា អ្នកបើកបរអាចដកដៃរបស់ពួកគេទាំងស្រុងពីដៃចង្កូត ហើយចូលរួមដោយសេរីនៅក្នុង “សកម្មភាពបន្ទាប់បន្សំមួយចំនួន” ដែលអាចរួមបញ្ចូលអ្វីៗដូចជាការមើលភាពយន្តជាដើម, ផ្ញើអ៊ីម៉ែល និង​ទំនាក់ទំនងជាមួយមិត្តរួមការងារជាដើម។

យ៉ាងណាមិញ បច្ចុប្បន្ន Drive Pilot អាចដំណើរការក្នុងល្បឿនរហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវហាយវ៉េអាល្លឺម៉ង់មួយចំនួនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម