
ក្រុមហ៊ុន Mercedes-Benz បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីម៉ូឌែល GLB ជារថយន្តប្រភេទ SUV ទំហំតូច (compact SUV) ត្រូវបានរចនាឡើងដើម្បីពង្រីកបន្ថែមនូវម៉ូឌែលរថយន្ដអគ្គិសនីរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការពីផ្សារនាពេលបច្ចុប្បន្ន។ រថយន្តនេះគ្រោងនឹងដាក់លក់នៅលើទីផ្សារក្នុងរដូវផ្ការីកនៅឆ្នាំ ២០២៦ ផ្ដល់មកជាមួយមានជម្រើសកៅអី ៥ កៅអី និង ៧ កៅអី។

Mercedes-Benz GLB នេះបានរួមបញ្ចូលនូវស្ថាបត្យកម្មអគ្គិសនី ៨០០ វ៉ុល (800-volt electric architecture) និងប្រព័ន្ធប្រតិបត្តិការ MB.OS ដែលជាការផ្លាស់ប្តូរបច្ចេកទេសដ៏សំខាន់សម្រាប់ផ្នែករថយន្តប្រណីតរបស់ម៉ាកយីហោផលិតរថយន្ដអាឡឺម៉ង់មួយនេះ។ រថយន្ត GLB អគ្គិសនីផ្ដល់មកជាមួយជម្រើស២ម៉ូឌែលក្នុងនោះរួមមាន៖ម៉ូឌែល GLB 250+ និង GLB 350 4MATIC ហើយត្រូវបានបំពាក់មកជាមួយអាគុយ Lithium-ion ទំហំ ៨៥ គីឡូវ៉ាត់ម៉ោងជាស្ដង់ដារ។

សម្រាប់កម្រិតរថយន្ត Mercedes-Benz GLB 250+ ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ២០០ គីឡូវ៉ាត់ (kW) សាកមួយពេញអាចបើកបរបានចម្ងាយ ៦៣១ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP និងគាំទ្រការសាកថ្ម DC ៣២០ គីឡូវ៉ាត់ (kW) អាចតែ១០នាទី អាចបើកបរបានចម្ងាយ ២៦០ គីឡូម៉ែត្រ។
ឃ្លុបខាងមុខរបស់រថយន្ដនេះមានទំហំ ១២៧ លីត្រ ខណៈឃ្លុបខាងក្រោយផ្តល់នូវទំហំផ្ទុកខុសៗគ្នាដោយផ្អែកលើការរៀបចំកៅអី៖ ដោយក្នុងនោះសម្រាប់ជម្រើស ៥ កៅអីផ្ដល់មកជាមួយផ្ទុកឥវ៉ាន់ចំណុះ ៥៤០ លីត្រ ហើយពង្រីកដល់ ១ ៧១៥ លីត្រ នៅពេលបត់កៅអីខាងក្រោយចុះ។ ចំណែកជម្រើស ៧ កៅអីផ្ដល់មកជាមួយទំហំផ្ទុកឥវ៉ាន់រហូតដល់ ៤៨០ លីត្រ ហើយពង្រីកដល់ ១ ៦០៥ លីត្រ នៅពេលបត់កៅអីផ្នែកខាងក្រោយចុះ។
ម៉ូឌែល GLB 350 4MATIC ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចកម្លាំងអតិបរមា ២៦០ គីឡូវ៉ាត់ (kW) និងមានសមត្ថភាពអូសសណ្តោង (towing capacity) រហូតដល់ ២ តោន។ រថយន្តនេះក៏ត្រូវបានបំពាក់មកជាមួយមុខងារទាញយកថាមពលអគ្គិសនីយកទៅប្រើប្រាស់ផងដែរ ភ្ជាប់មកជាមួយមុខងារ Vehicle-to-Home (V2H) ទាញយកថាមពលពីរថយន្តទៅប្រើជាមួយឧបករណ៍អគ្គិសនីផ្ទះ និងមុងខារ Vehicle-to-Grid (V2G) ទាញថាមពលពីរថយន្តយកទៅប្រើប្រាស់ទូទៅ។

ចំពោះប្រព័ន្ធប្រតិបត្តិការនិងបច្ចេកវិទ្យាសុវត្ថិភាពរថយន្ត Mercedes-Benz GLB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មី Mercedes-Benz Operating System (MB.OS) ដែលបំបែកផ្នែក Hardware ចេញពីផ្នែក Software ដើម្បីសម្រួលដល់ការធ្វើបច្ចុប្បន្នភាពជាប្រចាំតាមរយៈប្រព័ន្ធ Over-the-air (OTA)។ ផ្នែកខាងមុខបានបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១០.២៥ អុីញ និងអេក្រង់កម្សាន្ដទំហំ ១៤ អុីញ រួមបញ្ចូលជាមួយមុខងារ Google Maps និងប្រើប្រាស់ បច្ចេកវិទ្យា AI សម្រាប់ការរុករក (navigation) និងជំនួយបញ្ជាជាសំឡេង (voice assistance)៕




















