[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz ត្រូវបានគេរាយការណ៍ថា បានឈប់ទទួលការបញ្ជាទិញសម្រាប់រថយន្ត E-Class Sedan នៅក្នុងប្រទេសអាល្លឺម៉ង់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការរួមបញ្ចូលគ្នានៃកត្តាមួយចំនួន បានបង្ខំឲ្យ Mercedes-Benz ធ្វើបែបនេះតែម្តង។ ក្នុងនោះ ក៏មានតម្រូវការកើនឡើងសម្រាប់ E-Class នៅក្នុងទីផ្សារក្រៅប្រទេសទៀតផង។ លើសពីនេះ ការរាំងស្ទះការផ្គត់ផ្គង់នៃបន្ទះឈីបអេឡិចត្រូនិច ក៏បានប៉ះពាល់ដល់ផលិតកម្មផងដែរ។
បើតាមការសែតក្នុងស្រុក Automobilwoche បានបង្ហាញថា Mercedes-Benz បានឈប់ទទួលការបញ្ជាទិញនៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ម៉ូដែល E-Class កាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ជាទិញសម្រាប់ម៉ូដែល E-Class Estate នៅតែបើកទទួលយក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz បាននិងកំពុងផលិតរថយន្ត E-Class ជំនាន់ទី៥ ចាប់តាំងពីម៉ូដែលឆ្នាំ ២០១៧ មុនពេលចេញលក់ស៊េរីឆ្នាំ ២០២១។ យ៉ាងណាក៏ដោយ Mercedes-Benz កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ E-Class ជំនាន់ទី៦ និង ត្រូវបានគេនិយាយថា កំពុងធ្វើការលើម៉ូដែលថ្មីដែលមានឈ្មោះថា CLE ដែលនឹងជំនួសម៉ូដែល E-Class Coupe និង Convertible ទៀតផង៕