
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mercedes-Benz បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា៖ «ក្រុមហ៊ុន Mercedes-Benz ប្រចាំសហរដ្ឋអាមេរិក បានធ្វើការកែសម្រួលជាបណ្ដោះអាសន្ននូវលទ្ធភាពនៃការបញ្ជាទិញរថយន្តអគ្គិសនីត្រកូល EQ នៅក្នុងសហរដ្ឋអាមេរិកកាលពីរដូវក្ដៅមុន ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅនឹងតម្រូវការទីផ្សាររបស់សហរដ្ឋអាមេរិក។
ពួកគេនឹងបន្តធ្វើឲ្យបណ្ដាញផលិតកម្មរបស់ពួកគេមានប្រសិទ្ធភាពបំផុត និងប្រើប្រាស់ភាពបត់បែនខ្ពស់នៃខ្សែសង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល និងស្ថានភាពទីផ្សារដែលផ្លាស់ប្តូរ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង។ សូមបញ្ជាក់ថា រថយន្តត្រកូល EQ ម៉ូឌែលឆ្នាំ ២០២៦ ទាំងអស់ រួមមាន EQE Sedan, EQE SUV, EQS Sedan និង EQS SUV នៅតែបន្តផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយអតិថិជនអាចកុម្ម៉ង់រថយន្ដម៉ូឌែលទាំងនេះបាននៅតាមភ្នាក់ងារចែកចាយទូទាំងសហរដ្ឋអាមេរិក»។
បន្ទាប់ពីការត្រឡប់មកវិញរបស់រថយន្តអគ្គិសនីត្រកូល EQ ពេលនេះក្រុមហ៊ុន Mercedes-Benz ក៏កំពុងត្រៀមលក្ខណៈដាក់លក់រថយន្តស៊េរី CLA-class sedan អគ្គិសនីនិងចាប់ផ្តើមលក់រថយន្ត GLC-class EV នៅចុងឆ្នាំនេះ ម៉ូឌែលថ្មីៗទាំងនោះនឹងបង្ហាញខ្លួនទន្ទឹមគ្នាជាមួយរថយន្តអគ្គិសនីមួយចំនួនទៀត ដែលធ្លាប់មានលក់រួចមកហើយ រហូតទាល់តែមានការផ្អាកផលិតកម្មកាលពីឆ្នាំមុន។ បច្ចុប្បន្ន Mercedes បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ាក EQ ឡើងវិញសម្រាប់ទីផ្សារសហរដ្ឋអាមេរិក យោងតាមការចុះផ្សាយពីសារព័ត៌មាន The Drive។
កន្លងមកក្រុមហ៊ុន Mercedes-Benz បានផ្អាកការផលិតរថយន្តអគ្គិសនីចំនួន ៤ ម៉ូដែលកាលពីរដូវស្លឹកឈើជ្រុះ។ គិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Mercedes បានបញ្ឈប់ខ្សែសង្វាក់ដំឡើងសម្រាប់ម៉ូឌែល EQE sedan, EQE SUV, EQS sedan និង EQS SUV សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បន្ទាប់ពីការផ្អាកអស់រយៈពេលជាច្រើនខែ រថយន្តអគ្គិសនីទាំងនេះបានត្រឡប់មកចូលខ្សែសង្វាក់ផលិតកម្មវិញហើយ។
ទន្ទឹមគ្នានេះរថយន្ដអគ្គិសនីត្រកូល EQ ទាំងនេះបានត្រឡប់មកវិញក្នុងអំឡុងពេលបរិយាកាសនៃការលក់រថយន្តអគ្គិសនីមានភាពតឹងតែងជាងមុនឆ្ងាយណាស់ បន្ទាប់ពីការលុបចោលប្រាក់លើកទឹកចិត្ត លើរថយន្តអគ្គិសនីពីសំណាក់រដ្ឋាភិបាលលោក Donal Trump ដែលបានធ្វើឲ្យការលក់រថយន្តអគ្គិសនីធ្លាក់ចុះយ៉ាងគំហុកនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥។ យ៉ាងមិញសម្រាប់រថយន្ដម៉ូឌែល EQE SUV និង EQS SUV ត្រូវបានដំឡើងនៅរោងចក្ររបស់ Mercedes-Benz ក្នុងរដ្ឋ Alabama (សហរដ្ឋអាមេរិក) ខណៈដែលរថយន្ដប្រភេទ EQE sedan និង EQS sedan ត្រូវបាននាំចូលពីប្រទេសអាល្លឺម៉ង់។
ក្នុងការត្រឡប់មកផលិតរថយន្ដអគ្កិសនីត្រកូល EQ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពទាក់ទាញជាងមុន ក្រុមហ៊ុន Mercedes បានទម្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់រថយន្ដស៊េរីឆ្នាំ ២០២៦របស់ពួកគេ។ ក្នុងនោះរថយន្ត EQE sedan បច្ចុប្បន្នមានតម្លៃចាប់ផ្តើមពី ៦៦,១០០ ដុល្លារ ទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ជិត ១០ ០០០ ដុល្លារ បើទោះបីជាម៉ូឌែល EQE500 កម្លាំង ៤០២ សេះ ត្រូវបានលុបចេញក៏ដោយ។ ចំណែកឯរថយន្ដ EQE SUV ក៏មានតម្លៃចាប់ផ្តើម តម្លៃទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ប្រហែល ១៣ ០០០ ដុល្លារ ដោយសារវាបានលុបចោលម៉ូឌែល EQE500 ដូចគ្នា។
ចំណែករថយន្ត EQS SUV មានតម្លៃចាប់ផ្តើមពី ៩១ ១០០ ដុល្លារ មានតម្លៃទាបជាងរថយន្ដស៊េរីឆ្នាំ ២០២៥ ប្រហែល ១៥ ០០០ ដុល្លារ ហើយចំពោះរថយន្ដអគ្កិសនីដំណើរដោយបុងខាងក្រោយម៉ូឌែល EQS450+ ត្រូវបានដកចេញពីបញ្ជីផលិតផលម៉ូឌែល EQS sedan ទទួលបានការបញ្ចុះតម្លៃប្រហែល ៥ ០០០ ដុល្លារ៕

























