Mercedes-Benz E-Class ឆ្នាំ២០២១ ចេញលក់នៅថៃ តម្លៃ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz Thailand បានប្រកាសចេញរថយន្ត E-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយផ្តល់ជម្រើស ៣ ម៉ូដែល គឺ E 300 e Avantgarde, E 220 d AMG Sport និង E 300 e AMG Dynamic ជាមួយតម្លៃចាប់ពី ៣,១៩លានបាត (១០៣ ៩០០ដុល្លារ) ទៅ ៣,៧៧លានបាត (១២២ ៨០០ដុល្លារ)។

ចំណុចលេចធ្លោខ្លាំងមួយលើរថយន្ត E-Class ឆ្នាំ២០២១ គឺវាមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត ១២,៣អ៊ីញដូចគ្នា ព្រមទាំងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ៦៤ពណ៌។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz E 300 e Avantgarde និង E 300 e AMG Dynamic បំបាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដោយជួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ២១១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី។

ដោយឡែក ចំពោះម៉ូដែល E 220 d AMG Sport វិញ ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៣វិនាទី។ គ្រប់ម៉ូដែលទាំង ៣ សុទ្ធតែប្រើប្រអប់លេខអូតូ ៩វគ្គ។

បើនិយាយពីមុខងារសុវត្ថិភាពវិញគឺមានច្រើន ដោយក្នុងនោះរួមមានទាំង blind spot warning, emergency exit warning, active brake assist, emergency brake assist, សេនស័រ ១២គ្រាប់ជុំវិញរថយន្ត, Active Parking Assist និង កាមេរ៉ា ៣៦០ដឺក្រេ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម