[ទីផ្សារបរទេស] រថយន្តអគ្គិសនីប្រណីត Mercedes EQS SUV ស៊េរីឆ្នាំ២០២៣ នឹងមានលក់នៅសហរដ្ឋអាមេរិកនៅអំឡុងត្រីមាសទីបួននៃឆ្នាំ២០២២នេះ ហើយពេលនេះក្រុមហ៊ុនបានប្រកាសពីតម្លៃលក់ដែលនឹងមានចាប់ពី ១០៤ ៤០០ដុល្លារ ឡើងទៅ។
រថយន្តអគ្គិសនីនេះនឹងមានលក់ដោយចែកចេញជាបីជម្រើសរួមមានប្រភេទ 450+, 450 4MATIC និង 580 4MATIC ដោយប្រភេទ 450+ នឹងមានម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ៣៥៥សេះ និងអាចបើកបរបានចម្ងាយ ៤៩១គីឡូម៉ែត្រ។
ចំណែកប្រភេទ EQS 450 4MATIC SUV មានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះ អាចផ្ដល់ប្រព័ន្ធបើកបរប៉ុងពីរ និងផលិតកម្លាំងបានសរុប ៣៥៥សេះ ជាមួយចម្ងាយបើកបរប្រមាណ ៤៥៩គីឡូម៉ែត្រ ខណៈដែលប្រភេទ 580 4MATIC SUV មានម៉ូទ័រអគ្គិសនីភ្លោះអាចផលិតកម្លាំងបាន ៥៣៦សេះ និងបើកបរបានចម្ងាយប្រមាណ ៤៥៩គីឡូម៉ែត្រ។
គួរដឹងថារថយន្តអគ្គិសនីកៅអីបីជួរនេះ នឹងជារថយន្ត EQ ដំបូងរបស់ Mercedes ដែលត្រូវផលិតនៅសហរដ្ឋអាមេរិក ដោយពេលនេះការផលិតបានចាប់ផ្ដើមនៅរោងចក្រ Tuscaloosa នៃរដ្ឋ Alabama ដោយរថយន្តនេះនឹងត្រូវនាំចេញទៅកាន់ទីផ្សារបរទេសផងដែរ៕