ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានដាក់លក់រថយន្ត Mercedes-Benz GLE PHEV ស៊េរីឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ផ្ដើមពីប្រមាណ ១៥២ ៣៦៧ដុល្លារ។
Mercedes-Benz GLE PHEV មានបំពាក់ដោយម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទម៉ាស៊ូត ដែលមានអមដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចឲ្យវាផលិតកម្លាំងសរុបបាន ៣២០សេះ។ កម្លាំងនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៦,៨វិនាទី និងមានល្បឿនអតិបរមា ២១០គ.ម/ម៉ ផងដែរ។
ដោយសារតែជាប្រភេទរថយន្ត PHEV ហេតុនេះហើយរថយន្តនេះមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈបានល្អប្រសើរខ្លាំង ដោយជាមធ្យមស៊ីប្រេងតែ ១,១លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៩៩គីឡូម៉ែត្រពេលសាកភ្លើងពេញផងដែរ។ ប្រសិនបើប្រើដុំសាកធម្មតាចំណាយពេលសាក ១២ម៉ោង ប៉ុន្តែជាមួយដុំសាកកម្លាំង ៧,៤គីឡូវ៉ាត់ ចំណាយពេល ៤ម៉ោង។
រថយន្តនេះមានចំណុចលេចធ្លោដទៃទៀតដូចជាកុងទ័រឌីជីថលទំហំ ១២,៣៥អ៊ីញ, មានអេក្រង់កម្សាន្ត MBUX ជាមួយជំនួយការសិប្បនិម្មិត, គាំទ្រមុខងារ Apple CarPlay និង Android Auto, អាចបញ្ជាមុខងារដោយប្រើសំឡេង និងប្រព័ន្ធសំឡេង Burmester ជាដើម៕