Mercedes-Benz បានបង្ហាញចេញជាផ្លូវការនូវរថយន្តកំពូលប្រណីតជំនាន់ថ្មី S-Class ស៊េរីឆ្នាំ ២០២១ ដែលវានឹងមានដាក់លក់លើទីផ្សារជាមួយជម្រើសច្រើនប្រភេទផ្សេងគ្នា។ សម្រាប់នៅអឺរ៉ុបវាមានប្រភេទម៉ាស៊ីនម៉ាស៊ូត S450, S500, S350d, S350d 4Matic និង S400d 4Matic ហើយនិងម៉ាស៊ីនសាំង S450 និង S500។
មានមួយប្រភេទដែលគេមិនសូវនិយាយអំពីវានោះគឺ Mercedes-Benz S580e ដែលជាប្រភេទ Plug-in Hybrid ដែលនឹងដាក់លក់នៅទីផ្សារអឺរ៉ុប។ រថយន្តប្រភេទនេះមានប្រើម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ដូចម៉ាស៊ីនលើ S500 ដែរ ប៉ុន្តែវាដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីមួយទៀត ដែលអាចផលិតកម្លាំងបានសរុប ៥១០សេះ។ រថយន្ត Mercedes-Benz S580e អាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១០០គីឡូម៉ែត្រ ពេលដែលអាគុយវាសាកភ្លើងពេញ។
យ៉ាងណាក្ដីគេនៅមិនទាន់ច្បាស់នៅឡើយទេថា Mercedes-Benz S580e នឹងមានដាក់លក់នៅលើទីផ្សារផ្សេងក្រៅពីទីផ្សារអឺរ៉ុបឬអត់នោះ។ ប៉ុន្តែអតិថិជនរថយន្ត S-Class ច្បាស់ជាពេញចិត្តនឹងរថយន្តប្រណីតប្រភេទ Plug-in Hybrid នេះ ដោយសារមានកម្លាំងខ្លាំង សន្សំសំចៃប្រេង និងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានផងដែរ៕