ក្រុមហ៊ុន Daimler ដែលជាក្រុមហ៊ុនមេរបស់ Mercedes-Benz បានបង្ហាញភាពជឿជាក់ថាចំនួនលក់នៅប្រទេសចិននឹងនៅតែមានកំណើននៅឆ្នាំក្រោយនេះ ហើយក្រុមហ៊ុនក៏ជឿជាក់ថាចំនួនលក់រថយន្តអគ្គិសនីរបស់នឹងមានការកើនឡើងដូចគ្នា។
ចំនួនលក់របស់ Mercedes-Benz នៅប្រទេសចិនបានកើនឡើង ១២% នៅពេញមួយឆ្នាំ២០២០ ដោយអាចលក់ចេញបានសរុប ៧៧៤ ០០០គ្រឿង ទោះបីជាមានការផ្ទុះជំងឺឆ្លងរាតត្បាតក្ដី។ ហើយនៅឆ្នាំ២០២១នេះ ការលក់របស់ក្រុមហ៊ុនក៏ឃើញមានសញ្ញាវិជ្ជមាន ៨% ផងដែរ។
បើតាមសម្ដីរបស់លោក Hubertus Troska ដែលជានាយកក្រុមហ៊ុន Daimler លោកបាននិយាយថាឆ្នាំ២០២២ នឹងនៅតែបន្តមានការរីកចម្រើនដូចឆ្នាំមុនៗដែរសម្រាប់ទីផ្សារនៅប្រទេសចិន។ លោកទទួលស្គាល់ថារថយន្តអគ្គិសនីរបស់ Mercedes នៅអាចលក់ចេញបានតិចតួចនៅប្រទេសចិន ដោយសារទីផ្សារប្រទេសចិនមានរថយន្តអគ្គិសនីដែលលក់ធូរថ្លៃ។
យ៉ាងណាក្ដី Daimler មានគម្រោងនឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីឲ្យបានច្រើនម៉ូដែលនៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយក្នុងនោះមានទាំងរថយន្តដែលផលិតឡើងផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិនផងដែរ។
ដោយឡែកទាក់ទងនឹងរថយន្តម៉ាស៊ីនពីស្តុង ក្រុមហ៊ុននៅមិនទាន់មានផែនការដកចេញនៅឡើយទេ ព្រោះលោក Hubertus យល់ឃើញថារថយន្តប្រភេទនេះនៅមានសារៈសំខាន់នៅឡើយសម្រាប់ប្រទេសចិនដែលមានទំហំធំ និងមានចម្ងាយផ្លូវឆ្ងាយ៕