Mercedes និង Geely អាចនឹងលក់ភាគហ៊ុន ១ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Smart

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz និង Zhejiang Geely Holding Group Co. ប្រហែលជាអាចលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Smart របស់ពួកគេ ដើម្បីរៃអង្គាសប្រាក់។

យោងតាមប្រភពព័ត៌មានបានអះអាងថា ក្រុមហ៊ុន Smart អាចរកចំណូលបានចន្លោះពី ៥០០ លានដុល្លារ ទៅ ១ពាន់លានដុល្លារ ដោយការលក់ភាគហ៊ុនមួយភាគតូចនៅក្នុងក្រុមហ៊ុន។ យីហោនេះត្រូវបានគេនិយាយថា មានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ហើយវាត្រូវបានគេគិតថា កិច្ចព្រមព្រៀងរៃអង្គាសប្រាក់ឯកជនអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត និងមូលនិធិវិនិយោគយុទ្ធសាស្ត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Smart បានផ្លាស់ប្តូរពីម៉ាកយីហោដែលផលិតតែរថយន្តក្នុងទីក្រុងតូចៗ ទៅជាផលិតរថយន្តអគ្គិសនីសុទ្ធវិញ។

បើតាមសារព័ត៌មាន Bloomberg បានកត់សម្គាល់ថា វានឹងចេញលក់រថយន្ត SUV អគ្គិសនីថ្មីក្នុងពេលឆាប់ៗនេះ ហើយក្រុមហ៊ុន Mercedes-Benz ជឿជាក់ថា យុវវ័យរបស់ប្រទេសចិន អាចជួយឲ្យម៉ាកយីហោ Smart រីកចម្រើន។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Geely គឺក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz នឹងរចនាផលិតផលនាពេលអនាគតពីម៉ាក Smart ខណៈដែល Geely នឹងរ៉ាប់រងលើផ្នែកវិស្វកម្ម៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម