Mercedes ហៅឡានជាង ១ លានគ្រឿងត្រលប់មកវិញ ដោយសារបញ្ហាមួយ

ក្រុមហ៊ុន Mercedes-Benz បានចេញការហៅប្រមូលមកវិញ នូវរថយន្តជិត ១,៣ លានគ្រឿងនៅសហរដ្ឋអាមេរិកដោយសារកំហុសប្រព័ន្ធហៅទូរសព្ទបន្ទាន់ “eCall”។

ការស៊ើបអង្កេតមួយបានបង្ហាញថា ប្រព័ន្ធ eCall ប្រហែលជាមិនផ្តល់ទីតាំងរបស់យានយន្តឲ្យបានត្រឹមត្រូវដល់អ្នកឆ្លើយតបបន្ទាន់នោះនទេ បន្ទាប់ពីជួបគ្រោះថ្នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ មិនបានដឹងអំពីការខូចខាត ឬការរងរបួសណាមួយ ដែលបណ្តាលមកពីបញ្ហានេះ ក្រុមហ៊ុន Mercedes-Benz នៅអឺរ៉ុប បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុមួយ ដែលពាក់ព័ន្ធនឹងរថយន្តម៉ូដែល C-Class នៅក្នុងខែតុលា ឆ្នាំ ២០១៩ ដែលប្រព័ន្ធនេះបានបញ្ជូនទីតាំងរថយន្តមិនត្រឹមត្រូវ ទៅមជ្ឈមណ្ឌល eCall របស់ក្រុមហ៊ុន Mercedes-Benz ។

គួរឲ្យដឹងថា រថយន្តដែលត្រូវប្រមូលមកវិញ គឺចាប់ពីឆ្នាំ ២០១៦ ដល់ ២០២១ ហើយរួមមានម៉ូដែល CLA-Class, GLA-Class, GLE-Class, GLS-Class, SLC-Class, A-Class, GT-Class, C-Class, E-Class, S-Class, CLS-Class, SL-Class, B-Class, GLB-Class, GLC-Class និង G-Class ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes-Benz មានបំណងដោះស្រាយបញ្ហានេះ តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី (software update) ដែលនឹងត្រូវតំឡើងដោយឈ្មួញ ឬសម្រាប់រថយន្តដែលបានជាវសេវាកម្ម Mercedes Me អាចធ្វើបានតាមរយៈ over-the-air update៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម