MG ថា ពួកគេកំពុងផលិតឡានភីកអាប់ថ្មី គ្រោងចេញលក់មុនចុងទសវត្សរ៍នេះ

កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុន MG Motor Australia បានធ្វើការប្រកាសថា ក្រុមហ៊ុនកំពុងអភិវឌ្ឈន៍ និងបង្កើតរថយន្តភីកអាប់ខ្នាតមធ្យមថ្មី ដោយសន្យាថានឹងចេញលក់ក្នុងទីផ្សារមុនចុងទសវត្សរ៍នេះ ពោលគឺរំពឹងថានឹងចេញលក់មុនឆ្នាំ២០៣០។

ក្នុងនោះ ក្រុមហ៊ុន MG បាននិយាយថា រថយន្តភីកអាប់ខ្នាតមធ្យមថ្មីនឹងក្លាយជាដៃគូរប្រកួតប្រជែងជាមួយគូប្រជែងផ្សេងៗទៀតដូចជា Ford Ranger, Toyota Hilux, Isuzu D-Max, Mazda BT-50, VW Amarok, Mitsubishi Triton និងរថយន្តភីកអាប់ថ្មីៗដូចជា Kia Tasman និង GWM Cannon Ute ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះលក្ខណៈសម្គាល់របស់រថយន្តភីកអាប់ MG ថ្មីនេះ គឺនឹងមិនផលិតឡើងនៅលើគ្រោងឆ្អឹងដែលមាននៅលើរថយន្ត MG Extender ដែលចេញលក់នៅក្នុងទីផ្សារប្រទេសថៃ និងទីផ្សារផ្សេងទៀតនោះឡើយ គឺរថយន្តភីកអាប់ MG ថ្មីនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹងថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុនមេ SAIC Motors ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ រថយន្តភីកអាប់ថ្មីនេះ ត្រូវបានរំពឹងថានឹងទទួលជម្រើសម៉ាស៊ីន ICE, កូនកាត់ និងអគ្គិសនីសុទ្ធ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន SAIC Motors ផ្ទាល់តែម្តង រួមជាមួយនឹងការរចនាថ្មីទាំងស្រុងរបស់ MG ពោលគឺមិនយកគំរូរចនាតាមរថយន្ត LDV/Maxus Terron 9 របស់ក្រុមហ៊ុន SAIC នោះឡើយ។

លើសពីនេះទៅទៀត បើយោងតាមនាយកប្រតិបត្តិ Peter Ciao របស់ក្រុមហ៊ុន MG បាននិយាយថា ក្រុមហ៊ុនរបស់ពួកគេនឹងក្លាយជាក្រុមហ៊ុនដែលអាចលក់រថយន្តដាច់បំផុត (Top 5 ) នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីមុនឆ្នាំ២០២៧ និង Top 3 មុនឆ្នាំ២០៣០ ជាមួយនឹងការចេញលក់រថយន្តថ្មីៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម