MG បង្ហាញចេញឡានភីកអាប់ដំបូង តម្លៃជាង ១ ម៉ឺនដុល្លារ

​ម៉ាក​រថយន្ត​អង់គ្លេស​ ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ធំ​របស់​​ចិន​ SAIC បាន​ប្រកាស​ចេញ​នូវ​រថយន្ត​ភីកអាប់​ដំបូង​របស់​ខ្លួន នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ។

រថយន្ត​នេះ​តាម​ពិត​​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ និង​រូបរាង​របស់​រថយន្ត​ Maxus T70 ដែល​ជា​ម៉ាក​រថយន្ត​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ SAIC ដូច​គ្នា ហើយ​​គេ​បាន​ប្ដូរ​ឈ្មោះ​វា​ទៅ​ជា​ MG Extender សម្រាប់​លក់​នៅ​ប្រទេស​ថៃ។

ពាណិជ្ជកម្ម

​ក្រៅ​​ពី​បាន​ប្ដូរ​ម៉ាក​សញ្ញា ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​ដែល MG បាន​ធ្វើ​លើ​ម៉ូដែល T70 គឺ​​​ប្ដូរ​រន្ធ​ខ្យល់​​ ទៅ​ជា​រចនាបថ​ប្រចាំ​ត្រកូល​មួយ​របស់ MG និង​ប្ដូរ​ចង្កូត​ពី​ឆ្វេង ទៅ​ស្ដាំ​ដើម្បី​ឲ្យ​ត្រូវ​តាម​ច្បាប់​ចរាចរណ៍​របស់​ថៃ។

MG Extender មាន​ចែក​ចេញ​ជា​ ២ ប្រភេទ គឺ Extended Cabនិង Crew Cab។ ទាំង​ពីរ​ប្រភេទ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត Turbocharged ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ១៦០ សេះ។ មាន​ជម្រើស​ប្រអប់​លេខ​ចំនួន​ពីរ​គឺ​លេខ​ដៃ ៦ វគ្គ និង​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ។

រថយន្ត​ភីកអាប់​ដំបូង​របស់ MG មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៥៤៩ ០០០ បាត (ប្រមាណ ១៧ ៨៥០ ដុល្លារ) សម្រាប់ Extended Cab និង​ចាប់​ពី ៧៥៩ ០០០ បាត (ប្រមាណ ២៤ ៦៨០ ដុល្លារ) សម្រាប់​ប្រភេទ Crew Cab៕​​

Sponsored