MG បង្ហាញឡាន Cyber X របស់ខ្លួន មានចង្កៀង​មុខ​ប្រភេទ Pop-Up Headlights

ក្រុមហ៊ុន MG បានបង្ហាញចេញនូវរថយន្ត MG Cyber ​​X ដែលជារថយន្តប្រភេទ SUV ប្រើថាមពលអគ្គិសនីសុទ្ធរបស់ខ្លួន នៅក្នុងកម្មវិធី Shanghai Auto Show ក្នុងប្រទេសចិន។ នេះគឺជារថយន្តម៉ូឌែលទី ២ នៅក្នុងត្រកូល Cyber ​​បន្ទាប់ពី MG Cyberster ដែលបានប្រកាសចេញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។

Cyber ​​X មានការរចនារូបរាងផ្នែកខាងក្រៅពណ៌ខ្មៅបែបជ្រុងៗ លាយឡំជាមួយនឹងរូបរាងបែបស្ព័រ និងអនាគត រួមជាមួយចង្កៀង​មុខ​ដែល​លេច​ចេញ​ឡើង​នៅ​ពេល​កំពុង​ប្រើ​ប្រាស់ ហើយ​ដក​ចូល​តួ​ខ្លួន​វិញ​ពេល​បិទ ហៅថា Pop-Up Headlights ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានបង្កើតឡើងដោយអ្នករចនារថយន្តជើងចាស់ជនជាតិស្លូវ៉ាគីលោក Jozef Kabaň ដែលពីមុនគាត់បានធ្វើការនៅក្នុងក្រុមហ៊ុន Volkswagen, BMW និង Rolls-Royce មុនពេលចូលរួមជាមួយ SAIC ក្នុងខែមេសា ឆ្នាំ ២០២៤ ជាកន្លែងដែលគាត់ទទួលខុសត្រូវលើការរចនាម៉ាកយីហោ MG ។

ចំពោះការរចនាកាប៊ីនផ្នែកខាងក្នុងវិញ គឺត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតស្មាតហ្វូន Oppo ។ ខណៈព័ត៌មានលម្អិតអំពីតម្លៃ ក៏ដូចជាផ្នែកផ្សេងៗទៀតរបស់ Cyber ​​X គឺមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងចេញលក់នៅឆ្នាំក្រោយ។

គួរឲដឹងថា កៅពី Cyber ​​X ក្រុមហ៊ុន MG ក៏គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ៨ ម៉ូឌែល របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំខាងមុខផងដែរ រួមមានរថយន្ត SUV ខ្នាតធំ រថយន្ត Sedan និងរថយន្តស្ព័រ។ ខណៈនៅឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន MG បានបញ្ជាក់ថា ពួកគេនឹងចេញលក់រថយន្តចំនួន ២ ម៉ូឌែលបន្ថែមទៀតក្រៅពី Cyber ​​X គឺរថយន្ត SUV ប្រភេទ ៥ កៅអី និងរថយន្ត sedan អគ្គិសនីខ្នាតតូច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម