MG បង្ហើបរូបរាងដ៏ទាក់ទាញរបស់ឡាន MG7 ស៊េរីថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបរាងរបស់រថយន្ត MG7 ដែល​នឹង​ជា​រថយន្ត​លំដាប់កំពូល​ផុត​លេខ​របស់​ម៉ាក ហើយរថយន្ត Sedan នេះ​គ្រោងប្រកាសចេញនៅប្រទេសចិននាថ្ងៃទី១៧ ខែសីហា និងជាផលិតផលដំបូង​នៃ​ត្រកូល Black Label។

នេះមិនមែនជាលើកដំបូងទេដែល MG បានប្រើប្រាស់ឈ្មោះ MG7 នេះ ដោយ MG7 ជំនាន់ដំបូង ចេញកាលពីឆ្នាំ២០០៧ ដល់​ឆ្នាំ​២០១៣។ យ៉ាងណាក្ដី រថយន្តជំនាន់ថ្មីនឹងជារថយន្តថ្មីសន្លាង ដោយ MG បានប្រើប្រាស់រចនាបថបែបទំនើប ស្រប​តាម​គោល​ដៅ​របស់ត្រកូល Black Label ដែលផ្ដោតលើរូបរាង និងប្រណីតភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការចុះផ្សាយរបស់សារព័ត៌មានចិនបានឲ្យដឹងថា MG7 នេះមាន​ប្រវែង ៤៨៨៤ម.ម មាន​ទទឹង​ប្រវែង ១៨៨៩ម.ម និងមាន​កម្ពស់ ១៤៤៧ម.ម។ MG បានបញ្ជាក់ថា MG7 នឹងប្រើប្រាស់​ម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​កម្លាំង​ឡើយ។

តាមវិបសាយ Car News China បានឲ្យដឹងថា MG7 នឹងប្រើម៉ាស៊ីន 405 VTGI Trophy អាច​ផលិត​កម្លាំងបាន ២៥៤សេះ និង​ភ្ជាប់​ជាមួយ​ប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ។ រថយន្តនេះក៏នឹងមានប្រភេទម៉ាស៊ីន 300 VTGI ចំណុះ ១,៥លីត្រ ដែល​មក​ពី​រថយន្ត MG6 អាចផលិតកម្លាំងបាន ១៨៣សេះ។ ជាចុងក្រោយគឺមានប្រភេទ PHEV ដែលរំពឹងថា​នឹង​មាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម