
នៅក្នុងកម្មវិធីពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ ២០២៦ ម៉ាកយីហោ MG ស្ថិតក្រោមក្រុមហ៊ុន SAIC Motor បានបញ្ជាក់ថា រថយន្ត MG 07 នឹងក្លាយជាម៉ូឌែលផលិតដំបូងគេដែលប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ R7 របស់ក្រុមហ៊ុន Momenta។ ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា World Model ផ្អែកលើពង្រឹងបន្ថែមជាមួយនឹងបន្ទះឈីប AI ប្រភេទ Xheart X7។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំរបស់ MG និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Momenta ដោយភាគីទាំងពីរបានដាក់គោលដៅប្រកួតប្រជែងប្រព័ន្ធនេះជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាសកលផ្សេងទៀត រួមទាំងប្រព័ន្ធ FSD V14 របស់ក្រុមហ៊ុន Tesla ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ Autohome។
លោក Chen Cui អគ្គនាយកនៃផ្នែកម៉ាកយីហោ MG បានថ្លែងថា រថយន្ត MG 07 នឹងប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ R7 រួមគ្នាជាមួយម៉ូឌែលនានាមានបំពាក់ក្នុងរថយន្ដមានកម្រិតតម្លៃលើសពី ៤៣ ៩០០ ដុល្លារ ដែលការអនុវត្តរបស់ MG នេះ បានដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងចំណែកទីផ្សារដែលមានតម្លៃទាបជាង ការដាក់ឲ្យប្រើប្រាស់ដំបូងៗនៃប្រព័ន្ធបើកបរស្វ័យប្រវត្តិស្រដៀងគ្នានេះជាច្រើន។ បន្ថែមពីនេះលោកបានបន្ដថា ការរៀបចំដំឡើងប្រព័ន្ធនេះ គឺមានបំណងផ្ដល់នូវសមត្ថភាពប្រើប្រាស់ខ្ពស់ជាងកម្រិតរថយន្តក្នុងលំដាប់ជាមួយគ្នា ប៉ុន្តែលោកមិនបានផ្ដល់នូវលទ្ធផលតួលេខបញ្ជាក់ពីការធ្វើតេស្តសមត្ថភាពជាក់លាក់ណាមួយឡើយ។
ក្រុមហ៊ុន Momenta ក៏បានរាយការណ៍ថាខ្លួនមានទិន្នន័យបើកបរសរុបដែលប្រមូលបានចំនួនជាង ១០០ លានគីឡូម៉ែត្រ និងមានសេណារីយ៉ូបណ្តុះបណ្តាលករណីកម្រៗលើសពី ១ លានករណី។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ចំនួនរថយន្តដែលបំពាក់ប្រព័ន្ធនេះ កំពុងពង្រីកខ្លួនពីប្រមាណ ៨០ ០០០ គ្រឿង ឆ្ពោះទៅរកការរំពឹងទុកចំនួន ២០០, ០០ គ្រឿង នៅត្រឹមដំណាច់ឆ្នាំ ២០២៦ ជាមួយនឹងគោលដៅរយៈពេលវែងធ្វើយ៉ាងណាឲ្យលើសពី ១០ លានគ្រឿង។
រថយន្ត MG 07 រចនាបែប Fastback ទាបទៅនឹងដី ជាមួយទ្វារឥតស៊ុមកញ្ចក់ ការបំពាក់គ្រឿងឧបករណ៍ LiDAR និងមានរូបរាងស្រដៀងនឹងរថយន្តស្ព័រ។ នៅក្នុងខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុន SAIC បានបង្ហាញរូបរាងរបស់ MG 07 រួមជាមួយម៉ូឌែលផ្សេងៗទៀត ដោយបញ្ជាក់ថាវាគឺជាខ្សែស្រឡាយផលិតផលរថយន្តថាមពលថ្មី (NEV) ជំនាន់ក្រោយរបស់ម៉ាកយីហោនេះ ផ្តោតសំខាន់លើការបើកបរឆ្លាតវៃ និងប្រើប្រាស់ថាមពលអគ្គិសនី។
ប្រព័ន្ធកាប៊ីនបញ្ជាបានរួមបញ្ចូលនូវគំរូភាសាខ្នាតធំ ត្រូវបានអភិវឌ្ឍឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន SAIC។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈបច្ចេកទេសផលិតកម្មចុងក្រោយ នៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ៕




















