MG 5 ជំនាន់ថ្មី ជិះចម្ងាយ ១០០គ.ម ស៊ីប្រេងជាង ៥លីត្រ ចេញលក់ក្នុងប្រទេសថៃ តម្លៃជាង ១ម៉ឺនដុល្លារ

ក្រុមហ៊ុន SAIC Motor-CP និងក្រុមហ៊ុន MG Sale Thailand បានធ្វើការចេញលក់នូវរថយន្ត MG 5 ឆ្នាំ ២០២១ជាផ្លូវការ បន្ទាប់ពីរថយន្តនេះបង្ហាញខ្លួនជាផ្លូវការកាលពីខែតុលា ឆ្នាំមុនកន្លងទៅ។

រថយន្ត Sedan នេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១៤សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT ៨វគ្គអូតូ ហើយសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រស៊ីប្រេងជាមធ្យម ៥,៦លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅ រថយន្តនេះបានបំពាក់ជាមួយប៉ាណាដែលអោយឈ្មោះថា”3D Digital Burning Grill”, ចង្កៀងមុខប្រភេទ LED Projector ដែលមានមុខងារបិទ/បើកស្វ័យប្រវត្តិ, ចង្កៀងក្រោយប្រភេទ LED, Sunroof និងថាសកង់ទំហំ ១៧អ៊ីញ។ រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreenទំហំ ១០អ៊ីញ ភ្ជាប់ដោយ Apple Carplay និង Android Auto, កុងទ័របង្ហាញទំហំ ៧អ៊ីញ, Console ថ្មីឌីស្សាញបែប “3D Diamond” , កៅអីអ្នកបើកបរអាចបញ្ជាបាន ៦ទិសដៅ, ម៉ាស៊ីនត្រជាក់ភ្ជាប់ដោយប្រព័ន្ធបន្សុតខ្យល់ PM 2.5 និងឧបករណ៍តន្រ្តីចំនួន ៦គ្រាប់។

ប្រទេសថៃគឺជាទីផ្សារដំបូងនៅអាស៊ីអាគ្នេយ៍ដែលបានចេញលក់រថយន្ត Sedan នេះ។ វាមានជម្រើសចំនួន ៣ម៉ូឌែលគឺ C, D និង X។ សម្រាប់ម៉ូឌែល C មានតម្លៃចាប់ពី ១៧ ០០០ដុល្លារ, ម៉ូឌែល D មានតម្លៃចាប់ពី ១៨ ២០០ដុល្លារ និងម៉ូឌែល X មានតម្លៃចាប់ពី ២០ ៩៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម