រថយន្ត SUV ខ្នាតតូច MG HS បានចេញលក់លើទីផ្សារចក្រភពអង់គ្លេសកាលពីខែតុលាឆ្នាំមុន ដែលមានតែជម្រើសម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៦០សេះ។
នាពេលនេះ MG បាននាំយកប្រភេទ Plug-in Hybrid នៃរថយន្ត HS លក់លើទីផ្សារចក្រភពអង់គ្លេស ដែលនឹងមានលក់ក្នុងតម្លៃចាប់ពីប្រមាណ ៣៨ ០០០ដុល្លារ។ វាមានប្រើប្រាស់នូវម៉ាស៊ីនដូចមុន ប៉ុន្តែបន្ថែមនូវម៉ូទ័រអគ្គិសនី ៩០kW។ ជាលទ្ធផលអាចឲ្យរថយន្តបើកបរដោយថាមពលអគ្គិសនីបានចម្ងាយ ៥១គ.ម និងមានកម្លាំងសរុប ២៥៤សេះ។ រថយន្តនេះដែរប្រើប្រអប់លេខអូតូ ១០វគ្គ ដែលអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី លឿនជាងមុន ៣វិនាទី។
MG បាននិយាយថារថយន្ត HS PHEV នេះគឺមានទំហំធំ និងទូលាយជាងរថយន្ត Plug-in Hybrid ដទៃដែលស្ថិតក្នុងជួរតម្លៃជាមួយគ្នា មានដូចជារថយន្ត Ford Kuga, Mitsubishi Outlander, Peugeot 3008 និង Vauxhall Grandland X ជាដើម៕