MG ZS ថ្មី កែមុខមាត់ថ្មី ឯកាប៊ីនខាងក្នុងកាន់តែទំនើប

MG បានប្រកាសចេញរថយន្ត ZS ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស។ វាទទួលបានការឌីហ្សាញផ្នែកខាងមុខថ្មី ដូចជា ប៉ាណាមុខ និងចង្កៀង LED ថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាបំពាក់កាងមុខបែបស្ព័រជាងមុន និងអំពូលកាត់អ័ព្ទថ្មីទៀតផង។

ការឌីហ្សាញថ្មីក៏បានធ្វើឡើងនៅផ្នែកខាងក្រោយដែរ ដោយវាបានបំពាក់កាងក្រោយថ្មីមើលទៅកាចជាងមុន ព្រមទាំងចង្កៀងក្រោយថ្មីផងដែរ។ ក្រៅពីនោះ MG ZS ថ្មី ក៏មានបំពាក់យ៉ាន់ឌីហ្សាញថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលថ្មី និងអេក្រង់កម្សាន្តធំជាងមុនទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។

រថយន្ត MG ZS បំពាក់ម៉ាស៊ីនសាំង naturally aspirated ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៥សេះ ប្រើប្រអប់លេខដៃ ៥វគ្គ និងប៉ុងមួយវិលកង់មុខ។

វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,៤វិនាទី ហើយមានល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៨លីត្រ/១០០គីឡូម៉ែត្រ។ វាមានតម្លៃចាប់ពី ១៩ ៣០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម