[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការសម្រាប់រថយន្ត MG Mulan ឬវាជា MG4 អគ្គិសនីថ្មី ដោយផ្អែកលើស្ថាបត្យកម្មអគ្គិសនីសុទ្ធរបស់ Nebula platform មុនពេលការចេញលក់នាពេលឆាប់ៗខាងមុខនេះក្នុងទីផ្សារប្រទេសចិន។
តាមរូបភាពអាចមើលឃើញថា MG Mulan ត្រូវបានរចនាឡើងយ៉ាងទាក់ទាញបជាមួយចង្កៀងមុខរចនាថ្មី បន្ថែមរូបរាងបែបស្ព័រជាមួយនឹងចង្អូររាងអក្សរ U នៅពីលើគម្របម៉ាស៊ីន។ ត្រូវបានបំពាក់ដោយថាសកង់ពីរពណ៌ ជាមួយដុំហ្វ្រាំង calipers នៅខាងក្នុង។ បន្ថែមជាមួយកាង spoiler ខាងក្រោយដែលត្រូវបានរចនាឡើងដើម្បីមើលទៅដូចជាបំណែកពីរដាច់ដោយឡែក និងចង្កៀងក្រោយ LED រាងអក្សរ Y រាងជាឆ្នូតអូសវែង។ ជាមួយគ្នានេះ នៅមិនទាន់មានរូបភាពនៃផ្នែកខាងក្នុងនៃ MG Mulan នៅឡើយទេ។
MG Mulan ក៏ប្រើបច្ចេកវិទ្យាអាគុយដែលហៅថា LBS recumbent cells ទំហំ ៦១,១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ១៥៤ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៣ វិនាទីអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយប្រព័ន្ធបើកបរប៉ុង១ នឹងប្រព័ន្ធទ្រព្យួរ 5 Link multi-link rear suspension ធ្វើឲ្យការបើកបរកាន់តែប្រសើរឡើង៕