[ទីផ្សារបរទេស] រថយន្ត MG5 ប្រភេទតម្លៃធូរជាងគេ គ្រោងចេញលក់លើទីផ្សារប្រទេសវៀតណាមនៅថ្ងៃទី២៣ ខែមិថុនា ដោយផ្អែកតាមភ្នាក់ងារលក់ តម្លៃរបស់រថយន្តនេះអាចនឹងមានប្រមាណ ២២ ០០០ដុល្លារ។
ប្រភេទធូរថ្លៃនេះមានឈ្មោះថា MG5 STD ដោយវានឹងមានបំពាក់គ្រឿងបរិក្ខារពិសេសៗតិចជាងប្រភេទ Luxury ដែលមានតម្លៃប្រមាណ ២៥ ០០០ដុល្លារ។ គ្រឿងបរិក្ខារដែលបាត់បង់មានដូចជា មិនមានអំពូលភ្លើង LED ពេញលេញ, មិនមានភ្លើងភ្លើងស៊ីញ៉ូដែលបំពាក់លើកញ្ចក់មើលឆ្វេងស្ដាំ និងមានបំពាក់យ៉ាន់ទំហំ ១៦អ៉ីញ ជំនួសឲ្យយ៉ាន់ ១៧អ៉ីញ ជាដើម។
សម្រាប់ផ្នែកខាងក្នុងវិញ STD នេះមានចង្កូតរថយន្តដែលស្រោបនូវប្លាស្ទិក, មានកុងទ័របង្ហាញប្រភេទធម្មតាជំនួសឲ្យប្រភេទឌីជីថល, មានឧបករណ៍បំពងសំឡេងចំនួនបួន ជំនួសឲ្យ៦, កៅអីជួរទីពីរមិនមានកន្លែងដាក់ដៃ, មិនមានមុខងារវាស់សម្ពាធកង់, មិនមានដំបូលដែលបើកបាន និងមិនមានកាមេរ៉ា ៣៦០ដឺក្រេ។ បន្ថែមពីនេះមុខងារសុវត្ថិភាពក៏ត្រូវបានកាត់បន្ថយខ្លះៗផងដែរ។
យ៉ាងណា MG5 STD នៅតែប្រើម៉ាស៊ីន ១,៥លីត្រ កម្លាំង ១១២សេះ ដែលប្រើប្រព័ន្ធបើកបរវិលកង់មុខ ហើយវាប្រភេទបើកបរចំនួនបី រួមមាន Urban, Normal និង Dynamic៕