[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត MG7 ប្រភេទ sedan ជាមួយតម្លៃលក់ខ្ទង់ ២៧ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម នៅក្នុងខែកក្កដានេះ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៨៤ ម.ម ទទឹង ១ ៨៨៩ ម.ម និងទទួលបានរូបរាងបែបស្ព័រ ដោយនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំអបដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ, កាង spoiler ខាងក្រោយ និងចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត MG7 មានម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន ៖
- ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
- ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕
ចំពោះផ្នែកខាងក្នុងរបស់ MG7 មើលទៅទាក់ទាញជាមួយនឹងអេក្រង់ភ្លោះ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានទំហំ ១៤,១ អ៊ីញ និងអេក្រង់កំសាន្តទំហំ ២៥,១២ អ៊ីញ, ដៃចង្កូតរាងអក្សរ D ប្រភេទ 3-spoke ,កន្លែងសាកថ្មឥតខ្សែ, រន្ធសាក USB-C ចំនួន ២, ឧបករណ៍បំពងសំឡេងម៉ាក BOSE ១៤ ចំនុច, អេក្រង់បង្ហាញលើកញ្ចក់, ដំបូល panoramic sunroof និងកៅអីស្ព័រជាដើម។