ក្រុមហ៊ុន Mitsubishi បានធ្វើការបញ្ចេញនូវរថយន្តប្រភេទ MPV ឆ្នាំ២០២២ ជាផ្លូវការ ជាមួយការអាប់ដេតថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង។
សម្រាប់ផ្នែកខាងក្រៅនៃរថយន្ត វាត្រូវបានទទួលការឌីស្សាញថ្មីទៅលើបន្ទះប៉ាណា, កាងផ្នែកខាងមុខ, ចង្កៀង LED ដែលមានរាងជាអក្សរ T និងជម្រើសថាសកង់ទំហំ ១៦-១៧អ៊ីញ។ រីឯផ្នែកខាងក្រោយ Mitsubishi បានផ្តល់អោយរថយន្តនេះប៊ូតុងអេឡិចត្រូនិចក្នុងការបើកទ្វាផងដែរ។
រីឯផ្នែកខាងក្នុងបានធ្វើការឌីស្សាញទៅលើតាប្លូ និងដៃចង្កូតថ្មី ព្រមទាំងបំពាក់ថ្មីជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ, ចង្កឹះលេខអេឡិចត្រូនិច, រន្ធ USB និងកៅអីអង្គុយសម្រាប់សមាជិតរហូតដល់ ៧នាក់
ជាមួយគ្នានេះដែរ ម៉ូឌែលឆ្នាំ២០២២នេះ មានកំពស់បាតខ្ពស់ជាងមុន ១៥មីលីម៉ែត្រ ដោយមានកម្ពស់បាតសរុប ២២០មីលីម៉ែត្រ ដែលដូចគ្នានឹងម៉ូឌែល Xpander Cross។
រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i4 MIVEC អាចផលិតកម្លាំងបាន ១០៣សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី CVT ខណៈម៉ូឌែលកន្លងប្រើប្រាស់ជាមួយប្រអប់លេខដៃ ៤វគ្គ។
លើសពីនេះ Mitsubishi ក៏បានអភិវឌ្ឍបន្ថែមថ្មី ដោយបានបន្ថែមបូមធំជាងមុននៅផ្នែកខាងមុខ និងបន្ថែមជាមួយស៊ូបាប់(Valve) ប្រភេទ High-performance នៅផ្នែកខាងមុខ និងក្រោយក្នុងការជួយអោយការបើកបរមានផាសុខភាពផងដែរ។
ស្របគ្នានេះផងដែរ រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ នឹងផលិតឡើងនៅរោងចក្រ Mitsubishi Motore Krama Yudha ក្នុងប្រទេសឥណ្ឌូនេស៊ី៕