Mitsubishi បញ្ចេញរូបភាពនៃម៉ូដែល Mitsubishi Colt ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញរូបភាពនៃរថយន្ត Mitsubishi Colt ស៊េរីឆ្នាំ ២០២៣ ដែលជារថយន្ត hatchback ទ្វារប្រាំ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអឺរ៉ុបនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi កំពុងរៀបចំនាំយកឈ្មោះ Mitsubishi Colt ត្រឡប់ទៅទីផ្សារអ៊ឺរ៉ុបវិញ ជារថយន្តប្រភេទ Hybrid hatchback  ទ្វារ៥ ដោយផ្អែកលើរចនាសម្ព័ន្ធដូចគ្នាទៅនឹងរថយន្ត Renault Clio ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Renault- Nissan – Mitsubishi Alliance គេហទំព័រ Kolesa.ru ថ្មីៗនេះបានបង្ហាញពីរូបភាពនៃរថយន្តដោយផ្អែកលើរូបភាពដែលបានបង្ហាញពីមុន ដើម្បី​បង្ហាញ​ថា​អ្វី​រថយន្តនេះ​ពិត​ជា​មាន​រូបរាងបែបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព អាចមើលឃើញថា រថយន្ត Mitsubishi Colt ស៊េរីថ្មីនេះ ត្រូវបានរចនាឡើង មានការរចនាផ្នែកខាងមុខ ដែលខុសប្លែកពីរថយន្ត Renault Clio ទាំងស្រុង ជាមួយនឹងការរចនាប៉ាណាមុខថ្មី ដែលមើលទៅដូចរាងអក្សរ C ភ្ជាប់ជាមួយចង្កៀងមុខ។ ខណៈ​ពេល​នេះ នៅ​មិន​ទាន់​មាន​រូបភាព​ជា​ផ្លូវ​ការ​ក៏​ដោយ ប៉ុន្តែ​អ្នក​រចនា​បាន​បង្ហាញ​ពី​ការ​រំពឹង​ថា​ចង្កៀងក្រោយ​នឹង​មាន​រូបរាង​ជា​រាង​អក្សរ L រាង​ស្លីមខុស​ពី​ម៉ូដែលរបស់​បារាំង​ផង​ដែរ។

ជាមួយគ្នានេះ មើលតាមរូបភាព teaser ដែលចេញដោយក្រុមហ៊ុន Mitsubishi បង្ហាញពីឡូហ្គោ “Hybrid EV” ដែលបង្ហាញថា Mitsubishi Colt ថ្មីនឹងមានជម្រើសម៉ាស៊ីន Hybrid ហើយត្រូវបានគេរំពឹងថាជាម៉ាស៊ីនចំណុះ ១,៦ លីត្រ ដែលអាចផលិតកម្លាំងបាន ១៤០ សេះ ដែលជាប្លុកដូចគ្នាដែលត្រូវបានដាក់នៅក្នុងរថយន្ត Renault Clio E-Tech Hybrid ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម