ក្រុមហ៊ុន Mitsubishi ទើបតែបានបង្ហាញរថយន្តវ៉ែន ម៉ូដែល Delica ស៊េរីឆ្នាំ ២០១៩ របស់ខ្លួន ដែលមានរូបរាងកាត់ SUV និងផ្តល់កន្លែងអង្គុយធំទូលាយសម្រាប់គ្រួសារមានសមាជិកច្រើន។
Mitsubishi Delica ជំនាន់ទី ៦ នេះ មិនផ្លាស់ប្តូររូបរាងប៉ុន្មានឡើយ ហើយបានបំពាក់ប៉ាណាប្រចាំត្រកូលយ៉ាងទាក់ទាញ និង ចង្កៀងមុខបែបស្លីម ព្រមទាំងភ្លើងដឺមីបញ្ឈរប្រភេទ LED យ៉ាងស្រស់ស្អាតផងដែរ។ ចំណែកឯផ្នែកខាងក្នុងវិញ Delica មានកន្លែងអង្គុយធំទូលាយ ជាមួយនឹងការបំពាក់កៅអីអង្គុយ ៣ ជួរ ដែលអាចផ្ទុកអ្នកដំណើរយ៉ាងតិច ៧ នាក់។
Delica បានបំពាក់ម៉ាស៊ីនម៉ាសូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៧២ សេះ និងប្រើប្រព័ន្ធបើកបរប៉ុង ២ AWD ជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ។ ប្រព័ន្ធ AWD របស់ Delica អនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើសយក ម៉ូដ 2WD, 4WD និង ចាក់សោរប៉ុងផងដែរ។
សូមបញ្ជាក់ថា រថយន្ត Mitsubishi Delica ត្រូវបានផលិតឡើងសម្រាប់លក់ក្នុងទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ ជាមួយនឹងជម្រើស ២ ម៉ូដែល គឺ Delica D:5 និង Delica Urban Gear៕