[ទីផ្សារបរទេស] ក្រោយការដេញថ្លៃចុះឡើងអស់ចំនួន ៩២លើក និងចំណាយពេលអស់៧ថ្ងៃ ទីបំផុតរថយន្ត Mitsubishi Evo VI “Tommi Makinen Edition” ស៊េរីឆ្នាំ២០០១ អាចលក់ចេញបានក្នុងតម្លៃ ១៦៨ ៣០០ដុល្លារ ក្លាយជារថយន្ត Lancer EVO ថ្លៃជាងគេ។
រថយន្តដែលដាក់ដេញថ្លៃនេះមានលក្ខណៈពិសេសត្រង់ថាមានផលិតត្រឹម ២ ៥០០គ្រឿងប៉ុណ្ណោញ ដោយរថយន្តនេះតែងរំពឹងថាអាចលក់ចេញបានក្នុងតម្លៃដ៏ខ្ពស់មួយ។ វាគឺជារថយន្តថ្មីគួរសមដែលទើបបើកបរបានចម្ងាយជាង ១,៦ម៉ឺនគីឡូម៉ែត្រ ក្នុងវត្តមានរយៈពេល២១ឆ្នាំរបស់វា។
រថយន្តនេះមានបំពាក់ម៉ាស៊ីនប្រភេទ Turbocharged ចំណុះ២,០លីត្រ ម៉ូដែល 4G63 ជាប្រភេទ Inline ៤ស៊ីឡាំង និងអាចផលិតកម្លាំងបាន ២៧៦សេះ ដោយប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ និងភ្ជាប់ជាមួយប្រអប់លេខដៃ៥វគ្គ។
រថយន្តនេះបានផលិតឡើងក្នុងគោលបំណងអបអរសាទរដល់លោក Tommi Makinen ដែលជាអ្នកប្រណាំងរថយន្តល្បីឈ្មោះមួយរូប គឺជាការអបអរដល់ការឈ្នះពានរង្វាន់ WRC Driver រយៈពេលបួនសម័យកាលជាប់ៗគ្នារបស់អ្នកប្រណាំងរថយន្តរូបនេះ៕