Mitsubishi Grandis នឹងត្រលប់មកវិញនៅខែកក្កដាខាងមុខនេះ ជាប្រភេទរថយន្ត SUV Hybrid

ក្រុមហ៊ុន Mitsubishi Motors បានប្រកាសជាផ្លូវការថា រថយន្ត Mitsubishi Grandis នឹងត្រឡប់មកវិញជាថ្មីនៅឆ្នាំ ២០២៥ នេះ ប៉ុន្តែមិនមែនជារថយន្ត MPV ដូចសម័យមុននោះទេ។ ផ្ទុយទៅវិញ វានឹងក្លាយជារថយន្ត SUV Hybrid ដែលត្រូវបានរចនាឡើងសម្រាប់លក់នៅទីផ្សារអឺរ៉ុប ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែកក្កដាខាងមុខនេះ។

ចំពោះ ​Mitsubishi Grandis ថ្មីនេះ នឹងទទួលបានជម្រើស mild-hybrid និង full-hybrid ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ​នាពេលបច្ចុប្បន្ននេះ និងត្រូវអភិវឌ្ឈន៍ឡើងដោយផ្អែកលើបច្ចេកវិទ្យារបស់ Renault Symbioz ឬ Austral ដែលអាចនឹងទទួលបាននូវជម្រើសម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ផលិតកម្លាំងបាន ១៤៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាសុីន Turbo Hybrid ចំណុះ ១,២ លីត្រ ផលិតកម្លាំងបាន ១៦២ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញ រថយន្ត Mitsubishi Grandis ថ្មីនេះ នឹងទទួលបានរចនាប័ទ្មថ្មី មានរូបរាងទំនើប ប្រណិត និងទាន់សម័យសមស្របសម្រាប់ទីផ្សារអឺរ៉ុប។ ក្នុងនោះ ក្រុមហ៊ុន Mitsubishi Motors ក៏បានបញ្ជាក់ផងដែរថា ពួកគេកំពុងបង្កើតរថយន្តអគ្គិសនី (EV) មួយផ្សេងទៀតដែលអាចនឹងត្រូវបានបង្ហាញខ្លួននៅក្នុងឆ្នាំនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម