[ទីផ្សារក្នុងស្រុក] ក្រុមហ៊ុន Mitsubishi Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត Mitsubishi ផ្លូវការប្រចាំទីផ្សារប្រទេសកម្ពុជា បានធ្វើការបើកទទួលការកក់នៅរថយន្តម៉ូដែលថ្មី Mitsubishi XForce ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៩ ៩០០ ដុល្លារ ។
សម្រាប់ Mitsubishi XFORCE ត្រូវបានផលិតឡើងដើម្បីផ្តោតទៅលើអតិថិជននៅក្នុងបណ្តាប្រទេសអាស៊ាន ដោយរថយន្តនេះ នៅតែរក្សាការរចនា Dynamic Shield ជាមួយនឹងចង្កៀងមុខ និងភ្លើងខាងក្រោយរាងអក្សរ T ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងដើម្បីផ្តោតលើភាពទំនើប ដោយ Mitsubishi អះអាងថា ផ្នែកខាងក្នុងមានទំហំធំទូលាយជាងរថយន្តស្តិតនៅចំណាត់ថា្នក់ដូចគ្នា ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងប្រព័ន្ធសំឡេង Dynamic Sound Yamaha Premium ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ របៀប និងប្រព័ន្ធទប់លំនឹង Active Yaw Control system ទៀតផង ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់រថយន្តនេះនៅទីផ្សារក្រៅស្រុក ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ និងជម្រើសប៉ុង ២ ។ គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសខាងលើនេះគឺនៅទីផ្សារបរទេស សម្រាប់ព័ត៌មានបន្ថែមបងប្អូនធ្វើការសាកសួរតាមគេហទំព័រផ្លូវការរបស់ Mitsubishi Motors Cambodia ឬតាមលេខទូរស័ព្ទ 011 999 892 / 010 999 892 ៕