Mitsubishi Outlander ឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មីបង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Mitsubishi បានធ្វើការអាប់ដេតថ្មីទៅលើរថយន្ត Mitsubishi Outlander ឆ្នាំ ២០២៥ ដោយផ្លាស់ប្តូររូបរាងផ្នែកខាងក្នុង-ខាងក្រៅ និងបន្ថែមបច្ចេកវិទ្យាថ្មីៗ។ ការអាប់ឌែតនេះ រួមមានការរចនាផ្នែកខាងមុខថ្មី ចង្កៀងខាងមុខ និងខាងក្រោយបន្តិចបន្តួច រួមជាមួយការរចនាថាសកង់ថ្មី និងផ្នែកខាងក្នុងឡើងវិញ ធ្វើឲវាកាន់តែមានភាពទូលាយ។

សម្រាប់ផ្នែកបច្ចេកវិទ្យា Mitsubishi បានបំពាក់ប្រព័ន្ធអូឌីយ៉ូ Yamaha ដើម្បីផ្តល់សម្លេងមានគុណភាពខ្ពស់ចំនួន ៨គ្រាប់ជាស្តង់ដារ និង១២គ្រាប់ ជាជម្រើស។ លើសពីនេះ ក្រុមហ៊ុន Mitsubishi ក៏បានធ្វើការកែសម្រួលចង្កូតនិងបន្ថែមសម្ភារៈផ្សេងៗផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Mitsubishi Outlander ឆ្នាំ ២០២៥ ប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៨១ សេះ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ CVT  និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និិងប៉ុង ២ AWD ដដែលប៉ុន្តែបានបន្ថែមនូវការកែប្រែសម្រាប់ប្រព័ន្ធបូម ដើម្បីផ្តល់បទពិសោធន៍ល្អប្រសើរជាងមុន។

លើសពីនេះ ក្រុមហ៊ុន Mitsubishi ក៏បានបន្ថែមជម្រើស Trail Edition សម្រាប់ការបើកបរលើផ្លូវលំបាកផងដែរ ដោយ Trail Edition នេះមានការរចនាពិសេស ដូចជាការតុបតែងពណ៌ខ្មៅ និងថាសកង់ទំហំ ១៨ អ៊ីញ ប៉ុន្តែមិនមានការផ្លាស់ប្តូរមេកានិចសំខាន់ៗនោះទេ តែបានផ្តល់ជម្រើសគ្រឿងបន្លាស់បន្ថែម ដូចជាដំបូល និងសំបកកង់ BF Goodrich Trail Terrain ។

សម្រាប់តម្លៃរបស់ Mitsubishi Outlander សេរ៊ីឆ្នាំ ២០២៥ បានកើនឡើងចំនួន ១ ០៦៥ ដុល្លារ បើប្រៀធៀបនឹងឆ្នាំមុន ពោលគឺមានតម្លៃលក់ចាប់ពី ៣១ ១៤០ ដុល្លារ ដល់ ៤៤ ៦៤០ ដុល្លារ ប៉ុន្តែជម្រើស Trail Edition មិនទាន់ប្រកាសចេញតម្លៃជាផ្លូវការនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម