Mitsubishi Pajero Mini ប្រភេទ Off-Road ខ្នាតតូច នឹងអាចមានវត្តមានឡើងវិញ នៅឆ្នាំ ២០២៤

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងផលិតរថយន្ត Pajero Mini ដែលជារថយន្តប្រភេទ Off-Road ខ្នាតតូច ​ហើយត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០២៤ ក្នុង​ទម្រង់រថយន្តដើរដោយថាមពល​អគ្គិសនីសុទ្ធ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការចេញលក់រថយន្ត Mitsubishi eK X EV និង Sakura ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mitsubishi និង Nissan អាចនឹងនាំយកស្លាកយីហោ Pajero Mini ត្រឡប់មកវិញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ក្រុមហ៊ុន Mitsubishi ប្រកាស​ឈប់​លក់ Pajero នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១៩ ដោយសារ​ទីផ្សារ​រថយន្ត​ធំ​នៅ​ប្រទេស​ជប៉ុន​មិន​សូវ​ពេញ​និយម​ដូច​រថយន្ត​តូច​ក៏​ដោយ ក៏រថយន្ត Kei Car ជា​ចម្លើយ​ច្បាស់​លាស់​ក្នុង​ការ​វាយ​លុក​ទីផ្សារ​បន្ថែម​ទៀត។

សម្រាប់រថយន្ត Pajero Mini ដែលជារថយន្តប្រភេទ Off-Road ខ្នាតតូចអាចនឹងមានភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីពីរថយន្ត Nissan Sakura ដែលផលិតកម្លាំងបាន ៦៣ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ និងថាមពលអាគុយទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

គួរឲ្យដឹងថា រថយន្ត Pajero Mini ដំបូងបង្អស់ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ១៩៩៤ ហើយគឺជាជោគជ័យដ៏ធំមួយនៅក្នុងរថយន្តតូចៗ ប៉ុន្តែជាអកុសលវាត្រូវបានបញ្ឈប់នៅឆ្នាំ ២០១៣ ហើយបន្ទាប់មកឃើញតែឈ្មោះ Pajero SPORT វិញប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម