[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងផលិតរថយន្ត Pajero Mini ដែលជារថយន្តប្រភេទ Off-Road ខ្នាតតូច ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤ ក្នុងទម្រង់រថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការចេញលក់រថយន្ត Mitsubishi eK X EV និង Sakura ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mitsubishi និង Nissan អាចនឹងនាំយកស្លាកយីហោ Pajero Mini ត្រឡប់មកវិញផងដែរ។
ទោះបីជាក្រុមហ៊ុន Mitsubishi ប្រកាសឈប់លក់ Pajero នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩ ដោយសារទីផ្សាររថយន្តធំនៅប្រទេសជប៉ុនមិនសូវពេញនិយមដូចរថយន្តតូចក៏ដោយ ក៏រថយន្ត Kei Car ជាចម្លើយច្បាស់លាស់ក្នុងការវាយលុកទីផ្សារបន្ថែមទៀត។
សម្រាប់រថយន្ត Pajero Mini ដែលជារថយន្តប្រភេទ Off-Road ខ្នាតតូចអាចនឹងមានភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីពីរថយន្ត Nissan Sakura ដែលផលិតកម្លាំងបាន ៦៣ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ និងថាមពលអាគុយទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរឲ្យដឹងថា រថយន្ត Pajero Mini ដំបូងបង្អស់ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ១៩៩៤ ហើយគឺជាជោគជ័យដ៏ធំមួយនៅក្នុងរថយន្តតូចៗ ប៉ុន្តែជាអកុសលវាត្រូវបានបញ្ឈប់នៅឆ្នាំ ២០១៣ ហើយបន្ទាប់មកឃើញតែឈ្មោះ Pajero SPORT វិញប៉ុណ្ណោះ៕