រថយន្ត Mitsubishi Pajero Sport Ralliart ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសថៃ ជាមួយនឹងរូបរាង និងរចនាបទពីប្រទេសជប៉ុន។
រថយន្ត Mitsubishi Pajero Sport Ralliart ស៊េរីឆ្នាំ២០២២ ថ្មីត្រូវបង្កើតទ្បើងដោយផ្អែកលើម៉ូឌែល 2.4 GT Plus។ ចំពោះការឌីហ្សាញខាងក្រៅរថយន្តនេះបានបំពាក់នូវចង្កៀងមុខ Bi-LED ជាមួយការបើកដោយស្វ័យប្រវត្តិ អមដោយអំពូលបំភ្លឺពេលថ្ងៃ LED។ លើសពីនេះវាត្រូវបានបំពាក់មកជាមួយគំរបភក់របស់យីហោ Ralliart និងមានថាសកង់ទំហំ ១៨អ៊ីញពណ៌ខ្មៅ រួមជាមួយពណ៌តួរខ្លួនស លាយខ្មៅ(Jet Black Mica) និងផ្នែកនៃកាងមុខ-ក្រោយពណ៌ក្រហមផងដែរ។
បន្ថែមពីនេះថយន្តនេះបានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្តដែលភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និងប្រព័ន្ធ M-connection ប្រភេទ Touch Screen ទំហំ ៨,០ អ៊ីញផងដែរ។
សម្រាប់រថយន្ត Mitsubishi Pajero Sport Ralliart ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.៤ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៨ វគ្គ។
យ៉ាងណាមិញ ក្រៅពីរថយន្ត Mitsubishi Pajero Sport Ralliart ក្រុមហ៊ុន Mitsubishi ក៏បានបង្ហាញចេញនូវរថយន្តភីកអាប់ Triton Ralliart ផងដែរ។ រីឯតម្លៃរបស់រថយន្ត Mitsubishi Pajero Sport Ralliart និងភីកអាប់ Triton Ralliart ស៊េរីឆ្នាំ២០២២ នឹងត្រូវប្រកាសនៅក្នុងពិព័រណ៍ Motor Expo ឆ្នាំ ២០២១ ដែលនឹងធ្វើទ្បើងចាប់ពីថ្ងៃទី ១ ដល់ ១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕