[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើតេស្តបើកបរសាកល្បងទៅលើភីកអាប់ខ្នាតកណ្តាល Mitsubishi Triton Ralliart ស៊េរីឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ដើម្បីចូលរួមក្នុងការប្រណាំ Asia Cross Country Rally នៅខែសីហា ឆ្នាំ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។
Mitsubishi Triton ថ្មីនេះ យោងតាមសេចក្តីប្រកាសព័ត៌មាន រថយន្តត្រូវបានដំឡើងថ្មី និងត្រូវបានរចនាឡើងវិញទាំងស្រុង រួមមានតួខ្លួន គ្រោងឆ្អឹង និងម៉ាស៊ីន ដើម្បីធ្វើឲ្យប្រសើរឡើងសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លួវការ ។ ក្នុងនោះ Triton ដែលរៀបចំដោយប្រមូលផ្តុំត្រូវបានកែប្រែបន្ថែមជាមួយនឹងបំពង់ផ្សែង snorkel នៅទីតាំង A-pillar, ថាសកង់ប្រភេទ beadlock ស្រោបដោយសំបកកង់ Geolandar M/T បន្ថែមថាសកង់ស្ព័រទំនេរមួយនៅឃ្លុបក្រោយ និងបានបង្កើនកម្ពស់ប្រព័ន្ធ suspension ដែលត្រូវបានកែលម្អឡើងវិញ ក៏ដូចជាកៅអីរថយន្តប្រណាំងផងដែរ ។
ជាមួយគ្នានេះ នាយក Team Mitsubishi Ralliart និងអ្នកឈ្នះពានរង្វាន់ Dakar ពីរសម័យគឺលោក Hiroshi Masuoka បាននិយាយថា “ដោយផ្អែកលើកម្លាំងដើមនៃ Triton ទាំងការបើកបរ ការគ្រប់គ្រង ស្ថេរភាពនៅលើផ្លូវលំបាក និងភាពងាយស្រួលនៃការបើកបរត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀតម៉ាស៊ីន turbocharger ត្រូវបានកែលម្អដើម្បីបង្កើនការឆ្លើយតបដែលអាចដោះស្រាយគ្រប់ស្ថានភាពផ្លូវ”។
គួរបញ្ជាក់ផងដែរថា ការប្រណាំង Asia Cross Country Rally 2023 នេះ ធ្វើឡើងនៅចន្លោះថ្ងៃទី ១៣ ដល់ ១៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងរដូវភ្លៀង ជាមួយផ្លូវដែលមានចម្ងាយជាង ២ ០០០ គីឡូម៉ែត្រ បូករួមទាំងតំណាក់កាលពិសេសជាង ១ ០០០គីឡូម៉ែ្រត ដែលត្រូវឆ្លងកាត់ព្រៃភ្នុំ ភ្លូវភក់ ទន្លេជាដើមនៅក្នុងតំបន់នៃប្រទេសកម្ពុជា ថៃ ឡាវ ។