[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការបញ្ជាក់ថា មិនមានគម្រោងបញ្ចប់ការផលិតរថយន្ត Mirage និង Attrage ecocars ទេ ហើយកំពុងរៀបចំវិនិយោគទឹកប្រាក់ប្រមាណ ១៣លានដុល្លារ ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីសុទ្ធ xEV ។
ក្នុងនោះក្រុមហ៊ុនបាននិយាយថា ”ជាមួយនឹងសមត្ថភាពផលិតរថយន្តជាង ៤០០ ០០០គ្រឿងក្នុងមួយឆ្នាំ រោងចក្រ Mitsubishi Motors Thailand ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្ត Mitsubishi ដ៏ធំបំផុតនៅក្រៅប្រទេសជប៉ុន ដែលនាំចេញជាង ៨០ ភាគរយនៃបរិមាណផលិតកម្មរថយន្តទៅកាន់ ១២០ ប្រទេសជុំវិញពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ ផែនការផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ Mitsubishi Mirage និង Mitsubishi Attrage នៅតែបន្ត។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានបន្ថែមថា គម្រោងវិនិយោគថវិកាជាង ៥០០ លានបាត ស្មើនឹង ១៣ លានដុល្លារនឹងអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មនៅរោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់ឧស្សាហកម្ម ខេត្តឆុនបូរីដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនី xEV ដោយចាប់ផ្តើមជាមួយ Xpander HEV និង Xpander Cross HEV រួមជាមួយនឹងរថយន្តអេកូដែលមានស្រាប់ដែលបានផលិត ៕