[បរទេស] យោងតាមព័ត៌មានដែលបានចុះផ្សាយបានបង្ហាញថា ក្រុមហ៊ុន Mitsubishi បានយល់ព្រមលក់រោងចក្រដែលបានបិទទ្វាររបស់ខ្លួននៅកណ្តាលប្រទេសជប៉ុនទៅឱ្យ Daio Paper ក្នុងតម្លៃប្រហែល ៤ពាន់លានយ៉េន (៣៤លានដុល្លារ)។ សម្រាប់រោងចក្រនេះគឺជាអតីតរោងចក្រផលិតរថយន្ត Pajero SUV ដែលគេចូលចិត្តបំផុត ហើយរហូតមកដល់ពេលថ្មីៗនេះ ទំនងជាត្រូវបានបំប្លែងទៅជារោងចក្រផលិតក្រដាសប្រើក្នុងបន្ទប់ទឹក ឬក្រដាសជូតមាត់។
ក្នុងនោះសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះអាចត្រូវបានប្រកាសនៅសប្តាហ៍នេះ ហើយនឹងផ្ទេរដី និងគ្រឿងបរិក្ខារនៅទីនោះទៅ Daio នៅចុងខែមីនា ឆ្នាំ២០២៣។
គួររំលឹកផងដែរថា ក្រុមហ៊ុន Mitsubishi បានបិទរោងចក្រនេះនៅឆ្នាំ ២០២០ ហើយវាជារោងចក្រជប៉ុនដំបូងគេដែលបានបិទចាប់តាំងពីឆ្នាំ២០០១។ រោងចក្រនេះផលិតរថយន្តបាន ១៧ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែការលក់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ២០១៩ គឺអាចផលិតបានត្រឹមតែ ៦៣ ០០០គ្រឿងប៉ុណ្ណោះ។
ជាលទ្ធផលផលិតកម្ម Mitsubishi បានធ្លាក់ចុះនាពេលថ្មីៗនេះ។ នៅឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តនេះបានផលិតរថយន្តត្រឹមតែ ៤០ម៉ឺនគ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន ដែលនេះគឺប្រហែល ៣០ ភាគរយតិចជាងមុនពេលមានកូវីដកើតឡើង។
សម្រាប់ការលក់រោងចក្រនេះគឺជាផ្នែកមួយនៃផែនការដ៏ធំមួយដើម្បីកាត់បន្ថយការចំណាយ និងតាមរយៈជំហានដូចជាការកាត់បន្ថយបុគ្គលិកការិយាល័យឡើងវិញ និងការកំណត់ចំនួនកម្មករចំនួន ៦៥០នាក់នៅក្នុងប្រទេសជប៉ុន អោយចូលនិវត្តន៍មុនកាលកំណត់។
កម្មករនៅរោងចក្រ Pajero បានស្នើសុំឱ្យក្រុមហ៊ុន Mitsubishi លក់រោងចក្រនេះទៅឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដើម្បីការពារការងារ។ ផ្ទុយទៅវិញ របាយការណ៍បង្ហាញថាជិត ១/៣ នៃនិយោជិតត្រូវបាន ចាត់តាំងឱ្យទៅមុខតំណែងផ្សេងទៀតនៅក្នុងក្រុមហ៊ុន ចំណែក ៣ភាគផ្សេងទៀតបានធ្វើការជាមួយក្រុមហ៊ុនផ្សេងទៀត និងមានចំនួន ២៥០នាក់បានទទួលយកការផ្តល់ជូនចូលនិវត្តន៍មុនកាលកំណត់។
ទន្ទឹមនឹងនោះ Daio គឺជាក្រុមហ៊ុនផលិតក្រដាសជូតមុខ និងបន្ទប់ទឹក ដ៏ធំមួយរបស់ប្រទេសជប៉ុន ហើយបានបង្កើនសមត្ថភាពជាង ៤ម៉ឺនតោនក្នុងមួយខែកាលពីឆ្នាំមុន ដោយសារការជំរុញការលក់ទាក់ទងនឹងជំងឺរាតត្បាត៕