
បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការ នៅក្នុងពេលនេះ រថយន្តអគ្គិសនីសុទ្ធ Mona M03 Series របស់ក្រុមហ៊ុនផលិតរថយន្ត Xpeng គឺទទួលបានការបញ្ជាទិញជាង ១២ ៥៦៦ គ្រឿង ហើយ នៅក្នុងរយៈពេលត្រឹមតែ ១ម៉ោង ប៉ុណ្ណោះ ដែលក្នុងនោះជម្រើស Max គឺមានការបញ្ជាទិញចំនួន ៨៣ភាគរយ ហើយជម្រើស Plus វិញ មានការបញ្ជាទិញចំនួន ១៧ភាគរយ។
សម្រាប់តម្លៃលក់របស់ MONA M03 Max គឺមានតម្លៃលក់ចាប់ពី ១៧ ៩០០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ចំណែក MONA M03 Plus វិញ មានតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ។
ចំពោះ MONA M03 Max គឺទទួលបានជម្រើសចម្ងាយបើកបរចំនួន ២ អាចបើកបរបានចម្ងាយ ៥០២ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ចំណែក MONA M03 Plus វិញ គឺអាចបើកបរបានចម្ងាយ ៥១៥ និង ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ទាក់ទងទៅនឹងផ្នែកខាងក្រៅ Mona M03 Series មានភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធចាប់សញ្ញា LiDAR ដំណើរការដោយឈីប NVIDIA Orin-X ចំនួន ២ ដែលជំនួយទៅដល់ប្រព័ន្ធបើកបរស្វ័យប្រវតិ្ត មានការឌីស្សាញ ស្រដៀងគ្នានឹងរថយន្តផ្សេងៗដែរ ពោលគឺមានរូបរាងបែបស្ព័រ ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប Minimalistic មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic Glass-roof ប្រវែង ១,២ម៉ែត្រ អាចការពារពន្លឺ UV បានដល់ ៩៩,៩% និងបានបញ្ចូលនូវប្រព័ន្ធជំនួយការអ្នកបើកបរ Xpeng Ai Driving Assistance system ផងដែរ សម្រាប់ជម្រើស Max ៕