[ទីផ្សារចិន] កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើបើកកក់នៅរថយន្ត NETA L ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ ដែលមានតម្លៃ ១៩,៧០០ ដុល្លារសហរដ្ធអាមេរិកនៅក្នុងប្រទេសចិន ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Shanhai 2.0 platform មានប្រវែងតួខ្លួនសរុប ៤,៧៧០ ម.ម ទទឹង ១,៩០០ ម.ម កំពស់ ១,៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨១០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២២៨ សេះ និងកម្លាំងរមួល ៣១០ញ៉ូតុនម៉ែត្រ ប្រើប្រាស់កញ្ចប់ថ្ម Shenxing ៦៨គីឡូវ៉ាត់ម៉ោងរបស់ CATL ដែលអាចរត់បានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅ មានភ្ជាប់មកជាមួយប៉ាណាមុខបិទជិតច្រមុះខ្លា ចង្កៀងមុខប្រភេទ LED រាងអក្សរ X នៅពេលផ្គុំចូលគ្នា ទ្វារដៃប្រភេទ Flush-door ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញនិងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង។
ចំពោះផ្នែកខាងក្នុងវិញមានពីរពណ៌គឺពណ៌ទឹកក្រូចនិងពណ៌ស និងមានបំពាក់អេក្រង់បញ្ជានិងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញជាប្រភេទអេក្រង់ភ្លោះដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងមានទូទឹកកកមួយ មុខងារកៅអីម៉ាស្សា ៨ ចំណុច កៅអីក្តៅ-ត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធសម្លេង ១៦កន្លែង និងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់និងប្រព័ន្ធវៃឆ្លាតAI ដែលត្រូវបានបំពាក់ដោយបន្ទះឈីបឆ្លាតវៃ Horizon Robotics Journey 3 ចំនួនពីរ ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ ចាប់សញ្ញា និងចាប់ហ្វ្រាំងអូតូជាដើម ។