រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិហៅកាត់ថា NHTSA បានធ្វើការបើកការស៊ើបអង្កេតលើរថយន្ត Ram ចំនួន ៦០០ ០០០គ្រឿង ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,លីត្រ ដោយសារមានបញ្ហារលត់ជាប់គាំង បន្ទាប់ពីទទួលបានពាក្យបណ្តឹងចំនួន ២២ផ្សេងគ្នាទាក់ទងនឹងបញ្ហាបូមប្រេង។
យោងតាមសេចក្តីថ្លៃងការដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលាកន្លងទៅនេះ ការបើកការស៊ើបអង្កេតលើរថយន្ត Ram ទាំង ៦០០ ០០០គ្រឿងនេះ ត្រូវបានប៉ះពាល់ដល់រថយន្ត Ram សេរ៊ីឆ្នាំ២០១៩ និង ២០២០ ដោយមានម៉ូឌែល 2500, 3500, 4500 និង 5500។
ចំពោះការស៊ើបអង្កេតរបស់ NHTSA នឹងផ្តោតសំខាន់ទៅលើការឡើងសម្ពាធខ្ពស់នៃបូមប្រេង (High-pressure fuel pumps)។ យោងតាមពាក្យបណ្តឹងដែល NHTSA ទទួលបាន បញ្ហាបូមប្រេងដែលជាមូលហេតុនៃការរលត់ជាប់គាំង នៅពេលបើកបរនៅកម្រិតល្បឿនចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង នោះរថយន្តនឹងរលត់ ហើយមិនអាចបញ្ឆេះអោយដំណើរការបានវិញឡើយ។
គួររំលឹកផងដែរថា ការស៊ើបអង្កេតនេះបានចាប់ផ្តើងតាំងពីថ្ងៃទី ១៤ ខែតុលា កន្លងទៅនេះ ខណៈពេលក្រុមហ៊ុនក៏បានចេញសេចក្តីថ្លៃងការណ៍ផ្តូវការថា៖ យើងនឹងសហការយ៉ាងពេញលេញជាមួយការស៊ើបអង្កេតរបស់ NHTSA ខណៈពេលកំពុងបន្តការស្វែងរកការពិតផ្ទាល់ខ្លួន ដើម្បីគាំទ្រអតិថិជនរបស់យើង៕