[បរទេស] យោងតាមគេទំព័រនៅក្នុងប្រទេសចិនបានឲ្យដឹងថា អាគុយប្រភេទ semi-solid state ដែលបានបំពាក់នៅលើ Nio ET7 ទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១ ០៤៤ គីឡូម៉ែត្របន្ទាប់ពីការសាកពេញម្តង ដែលជាការធ្វើតេស្តបើកដោយផ្ទាល់ដោយលោក William Li ដែលជាប្រធានក្រុមហ៊ុន Nio ដែលចាប់ផ្តើមពីទីក្រុងសៀងហៃ ហើយបានបញ្ចប់នៅក្នុងទីក្រុង Xiamen (ខេត្ត Fujian) បន្ទាប់ពីការធ្វើដំណើរប្រហែល ១៤ ម៉ោង។
យោងតាមគេហទំព័រដដែល បានសង្កត់ធ្ងន់ថា ការធ្វើដំណើរខាងលើនេះ ត្រូវបានអនុវត្តក្នុងស្ថានភាពដ៏លំបាក ដែលសីតុណ្ហភាពនៅខាងក្រៅមានត្រឹមតែពី -២ ទៅ ១២ អង្សាសេប៉ុណ្ណោះ ដែលមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ចម្ងាយនៃការបើកបររបស់ Nio ET7 ទោះបីជារថយន្តអគ្គិសនីត្រូវបានគ្រប់គ្រងដោយជំនួយពីប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតទី ២ ក៏ដោយ ។
លោក William Li និយាយថា សម្រាប់អាគុយថ្មីទំហំ ១៥០ គីឡូវ៉ាត់ម៉ោង មានដង់ស៊ីតេថាមពលខ្ពស់គួរសម ហើយនឹងអាចប្រើប្រាស់បានជាមួយនឹងផលិតផលរថយន្តអគ្គិសនីដែលមានស្រាប់របស់ក្រុមហ៊ុនផងដែរ ។ លើសពីនេះ ការធ្វើតេស្តបើកបរនេះនឹងជំរុញបន្ថែមទៀតនៅការផ្លាស់ប្តូរឧស្សាហកម្មរថយន្តពីការប្រើប្រាស់សាំងទៅប្រើថាមពលអគ្គិសនី ៕