Nio ចេញឡានអគ្គិសនី ដែលមានប្រព័ន្ធ aerodynamic ល្អបំផុតនៅលើពិភពលោក និងអាចបើកបានចម្ងាយរហូតដល់ជាង ៩០០គីឡូម៉ែត្រ

[ទីផ្សារប្រទេសចិន] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន Nio បានធ្វើការបញ្ចេញនូវរថយន្តប្រភេទ Coupe SUV ដែលអោយឈ្មោះថា EC7 សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ។

ចាប់ផ្តើមជាមួយការឌីស្សាញ រថយន្តអគ្គិសនីនេះត្រូវបានឌីស្សាញឡើងដោយបានច្របាច់បញ្ជូលគ្នានូវការឌីស្សាញដែលយកចេញពីរថយន្ត EL7 ដែលមានដំបូលរាងជំរាល និងមានផ្នែកខាងក្រោយវែង។ ដោយរថយន្តនេះមានប្រវែងសរុប ៤ ៩៦៨មម, ទទឹង ១ ៩៧៤មម, កម្ពស់ ១ ៧១៤មម និងប្រវែងនៃគម្លាតកង់មុខក្រោយ ២ ៩៦០មម ហើយវាមានកម្រិតនៃការកកិតត្រឹម ០,២៣ ប៉ុណ្ណោះ ដែលបានធ្វើអោយរថយន្តនេះក្លាយជារថយន្ត SUV ដែលមានប្រព័ន្ធ aerodynamic ល្អបំផុតនៅលើពិភពលោក ដែលទទួលបានពី Active rea wing ផ្នែកខាងក្រោយ នេះបើយោងតាមការលើកឡើងពី Nio។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្តបានបំពាក់ស្តង់ដាមកជាមួយដំបូកកញ្ចក់ទំហំធំប្រភេទ Panoramic Glass, កុងទ័របង្ហាញព័ត៌មានបាញ់លើកញ្ចក់ទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្តនៅចំកណ្តាលប្រភេទ AMOLED ទំហំ១២,៨អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធបំពងសម្លេងដ៏ទំនើបចំនួន ២៣ចំណុច និងកៅអីផ្នែកខាងក្រោយភ្ជាប់ដោយមុខងារកម្តៅ។

សម្រាប់សម្ថភាពនៃរថយន្តនេះ វាបានភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលអាចផលិតកម្លាំងបានចំនួន ៦៤៤សេះ និងកម្លាំងរមួល ៨៥០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣,៨វិនាទី។ បន្ថែមពីនេះរថយន្តនេះក៏ទទួលបាននូវជម្រើសកញ្ចប់អាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង, ១០០គីឡូវ៉ាត់ម៉ោង និង ១៥០គីឡូវ៉ាត់ម៉ោង ដែលអាចជួយអោយរថយន្តនេះអាចបើកបរបានចម្ងាយសរុបចាប់ពី ៤៩០គីឡូម៉ែត្រ ដល់ ៩៤០គីឡូម៉ែត្រ នេះបើយោងតាមការតេស្តសាកល្បងពី CLTC Cycle។

គួរបញ្ជាក់ផងដែរថា Nio បានធ្វើការបើកទទួលការកក់ទុកមុននៃរថយន្ត EC7 នេះហើយ ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនាខែមេសា ឆ្នាំ២០២៣ ជាមួយតម្លៃចាប់ពី ៧ម៉ឺនដុល្លារ និង ៧៨ ៤៤៧ដុល្លារ សម្រាប់ប្រភេទបំពាក់នូវកញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម