[ទីផ្សារបរទេស] ក្នុងសេចក្ដីប្រកាសព័ត៌មានថ្មីមួយពីក្រុមហ៊ុនរថយន្តចិន NIO បានបង្ហាញថាខ្លួនមានផែនការលក់រថយន្តឲ្យបាន ៣១០០០ ទៅ ៣៣០០០គ្រឿង នៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយសេចក្ដីប្រកាសក៏បានបូកសរុបផងដែរថា NIO លក់រថយន្តបាន ២៥ ០៥៩គ្រឿង កាលពីត្រីមាសទីពីរ។
ត្បិតថាការលក់របស់ NIO កាលពីខែកក្កដា និងខែសីហា មានការធ្លាក់ចុះធៀបនឹងខែមិថុនា ប៉ុន្តែក្រុមហ៊ុននេះនៅអាចលក់រថយន្តបានជាង ១ម៉ឺនគ្រឿងក្នុងមួយខែ សម្រាប់ខែទាំងពីរ។ សរុបខែទាំងពីរ NIO អាចលក់រថយន្តអគ្គិសនីបាន ២០ ៧២៩គ្រឿង ហើយដើម្បីសម្រេចគោលដៅ ត្រូវលក់រថយន្តឲ្យបាន ១០២៧១ ទៅ ១២២៧១គ្រឿង នៅខែកញ្ញានេះ។
ថ្មីៗនេះ NIO បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនរថយន្តចិនដទៃទៀត ហើយប្រឈមមុខនឹងបញ្ហាបិទខ្ទប់ ក៏ដូចជាបញ្ហាសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែទោះយ៉ាងណា NIO បានធ្វើការពង្រីកខ្លួន ដោយវាយលុកទីផ្សារអឺរ៉ុបមុនគេ។
គិតត្រឹមខែសីហា ឆ្នាំ២០២២ NIO បានលក់រថយន្តអគ្គិសនីបានចំនួនជាង ២៣ម៉ឺនគ្រឿង ប៉ុន្តែបើងាកមកមើលផ្នែកហិរញ្ញវត្ថុវិញ ក្រុមហ៊ុនបានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ ៤០៩,៨លានដុល្លារ ក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២នេះ៕