ក្រុមហ៊ុន Nissan បានបង្ហាញចេញនូវរថយន្ត GT-R ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយក្នុងនោះមានថែមម៉ូដែលពិសេសថ្មី ២ គឺ GT-R Premium Edition T-spec និង GT-R Track Edition Engineered by Nismo T-spec។
រថយន្ត Nissan GT-R Premium Edition T-spec នឹងត្រូវផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយអ្នកដែលមានសិទ្ធិនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោត។ វាទទួលបានការអាប់ដេតលើសពីម៉ូដែល GT-R ស្តង់ដារ ដូចជា ហ្វ្រាំង carbon-ceramic brakes, កាងក្រោយ carbon fiber rear spoiler, គម្របម៉ាស៊ីន version-specific engine cover និង ឡូហ្គូពិសេស។ វាផ្តល់ជម្រើស ២ ពណ៌ គឺ Midnight Purple និង Millennium Jade។
រថយន្ត Nissan GT-R Premium Edition T-spec ត្រូវដាក់លក់នៅជប៉ុន ក្នុងតម្លៃចាប់ពីខ្ទង់ ១៤៤ ៦០០ដុល្លារ។
ចំណែកឯរថយន្ត Nissan GT-R Track Edition Engineered by Nismo T-spec វិញ មានបំពាក់ដំបូល និងគម្របឃ្លុបក្រោយថ្មី ដែលផលិតពី carbon fiber ដើម្បីកាត់បន្ថយទម្ងន់ ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀតពី Nismo ផងដែរ។ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ១៦២ ៦០០ដុល្លារ ហើយនឹងត្រូវផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា រថយន្ត Nissan GT-R ឆ្នាំ២០២២ ដែលមានតម្លៃថោកបំផុតនៅក្នុងប្រទេសជប៉ុន គឺចាប់ពីខ្ទង់ ៩៨ ៤០០ដុល្លារ ខណៈដែលម៉ូដែល GT-R Track Edition by NISMO មានតម្លៃចាប់ពីខ្ទង់ ១៣៣ ០០០ដុល្លារ។
រថយន្ត Nissan GT-R ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥៦៥សេះ និងកម្លាំងរមួល ៦៣៣ញ៉ូតុនម៉ែត្រ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៦វគ្គ ប្រភេទ dual-clutch៕