
បើយោងតាមការប្រកាសពីលោក Christophe Amblard ដែលជានាយកផ្នែកផលិតផលរបស់ក្រុមហ៊ុន Nissan នៅក្នុងតំបន់អឺរ៉ុបផ្ទាល់បានឲដឹងថា នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បាន និងកំពុងធ្វើការរៀបចំនូវជំហានដ៏ធំមួយរបស់ខ្លួនក្នុងវិស័យរថយន្តអគ្គិសនី ដោយគ្រោងនឹងបើកនូវផលិតកម្មថ្ម EV ថ្មីរបស់ខ្លួននៅក្នុងឆ្នាំ ២០២៨ ខាងមុននេះ បើទោះបីជាក្នុងពេលនេះពួកគេកំពុងនឹឹងប្រឈមមុខនឹងបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយ។
ក្នុងនោះ ថ្ម EV ថ្មីរបស់ក្រុមហ៊ុន Nissan នេះ គឺមានឈ្មោះថា Solid-State Battery ហើយត្រូវបានរំពឹងថានឹងមានសមត្ថភាពផ្ទុកថាមពលបានល្អ និងខ្លាំងជាងថ្ម lithium-ion Battery ដល់ទៅ ៣០% ឯណ្ណោះ។ លើសពីនេះ ថ្មថ្មីនេះ ក៏នឹងមានតម្លៃថោកជាងថ្ម lithium-ion Battery និងអាចសាកបានលឿនជាងថ្ម lithium-ion Battery ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Nissan ផ្ទាល់ ក៏បានធ្វើការដកចេញនូវសារធាតុរាវពិសេសជាច្រើន ដើម្បីធ្វើឲថ្មថ្មីនេះកាន់តែមានសុវត្ថិភាពខ្ពស់ និងមានធ្ងន់ស្រាលជាងមុនដែលងាយស្រួលដល់ការវេចខ្ចប់ផងដែរ។ ក្រៅពីនេះ ថ្មថ្មីនេះក៏អាចនឹងប្រើប្រាស់សម្រាប់រថយន្តកូនកាត់មួយចំនួន ក៏ដូចជាម៉ូដែលសំខាន់ៗដូចជា GT-R ជំនាន់ក្រោយផងដែរ៕